ព័ត៌មានទាន់ហេតុការណ៍៖

លោក អេង ហុី ៖ ខ្ញុំបាទសង្កេតឃើញតាមប្រព័ន្ធព័ត៌មានសង្គម មានបុគ្គលមួយចំនួនព្យាយាមមួលបង្កាច់ បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង កងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា, គួរពិចារណា! ថ្មីៗនេះ ខ្ញុំបាទសង្កេតឃើញតាមប្រព័ន្ធព័ត៌មានសង្គម មានបុគ្គលមួយចំនួនព្យាយាមមួលបង្កាច់ បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង កងរាជអាវុធហត្ថ ដែលយើងខ្ញុំទាំងអស់កំពុងតែខិតខំប្រឹងប្រែងរួមគ្នាអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជាតាមឋានានុក្រម គោរពច្បាប់ គោរពវិន័យកងទ័ព។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ បានបញ្ជាក់ថា, ថ្ងៃនេះ ខ្ញុំបាទបង្ហាញជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន កងរាជអាវុធហត្ថមានអាយុជាង២៨ឆ្នាំហើយ មានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ស្របជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ មានជាអាទិ៍៖

_ធនធានមនុស្សក្នុងកងរាជអាវុធហត្ថ ត្រូវបានអភិវឌ្ឍជាប្រចាំ ដោយមានសាលាចំនួន២ គឺវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។

_ហេដ្ឋារចនាសម្ព័ន្ធសំណង់ ជំរំជម្រក អគារធ្វើការ អគារស្នាក់នៅ បានរួមគ្នាកសាងចាប់ពីបញ្ជាការដ្ឋានផ្ទៃប្រទេស ដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការ។ លើសពីនេះទៀតក៏បានជួយកសាងដល់អង្គភាព ស្ថាប័នផ្សេងៗ បណ្តាមូលដ្ឋាន វត្តអារាម ជួសជុល សាងសង់ផ្ទះជូនប្រជាពលរដ្ឋទៀតផង។

_មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ យុទ្ធោបករណ៍ ក្រៅពីគោលរបបរបស់រដ្ឋ មេបញ្ជាការគ្រប់លំដាប់ថ្នាក់តែងតែទិញបំពាក់បន្ថែមតាមរយៈកៀងគរសប្បុរសជន ដើម្បីបំពេញបម្រើកិច្ចប្រតិបត្តិការ និងការហ្វឹកហ្វឺន។

លោកបន្តថា, សូមអញ្ជើញពិនិត្យមើលរូបភាពខាងក្រោមនេះ ដែលបង្ហាញច្បាស់អំពីការដឹកនាំគ្រប់គ្រង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវ  មធ្យោបាយ គ្រឿងបំពាក់ ។ល។ សូមគោរពអរគុណ! 

ដោយ ៖ សិលា


ចែករំលែក៖