ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ នេះបើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ 

យោងតាមលទ្ធផលបច្ចេកទេសរបស់មន្ត្រីសហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជាក់ថា ក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ រួមមានមេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ ៤, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស ៨ ប្រាក់២ និងសំរឹទ្ធ៦, លេខ៣ ក្លិបហនុមាន មេដាយមាស ៤ ប្រាក់៧ និងសំរឹទ្ធ ៨ ខណៈលេខ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស ៤ ប្រាក់៤ និងសំរឹទ្ធ ១០គ្រឿង។ ក្រៅពី៤ក្លិបដែលឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លិបជាច្រើនទៀត ដែលដណ្តើមបានមេដាយបានជាបន្តបន្ទាប់ ក្នុងចំណោមក្លិបចូលរួមចំនួន ២៤ក្លិបសមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេ មកពីទូទាំងប្រទេស ដោយប្រកួតលើ ៣៤វិញ្ញាសា។ 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន ៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយជំរុញឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ បានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០% បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២០ កន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបង្ហាញនូវគោលដៅយុទ្ធសាស្ត្រការងារបន្តរបស់សហព័ន្ធចំនួន ៤ចំណុចសំខាន់ៗដែរ រួមមាន៖ ១. រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEAKF Championship) លើកទី៩ ដែលជាលើកដំបូងសម្រាប់ការ៉ាតេកម្ពុជា ដោយគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២។ ២. ត្រៀមចូលរួម SEA Games លើកទី៣១ ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣. ត្រៀមចូលរួម ASIAN Games លើកទី១៩ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០-២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន។ ៤. ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA Games 2023 លើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើឲ្យវិស័យកីឡាការ៉ាតេ កែប្រែមុខមាត់ថ្មី ធ្វើអោយគុណផលកីឡាប្រែប្រួលរីកចម្រើនមួយកម្រិតតាមអនុសាសន៍ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ។ សមិទ្ធផលកន្លងមកបានការយកចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ និងការតាមដានត្រួតពិនិត្យណែនាំផ្ទាល់របស់ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានប្រចាំការបានជំរុញឲ្យយន្តការ និងផែនការសកម្មភាពសហព័ន្ធ បោះជំហានទៅមុខ ក្រោមការជួយឧបត្ថម្ភគាំទ្រស្មារតី និងថវិកា ពីលោកអគ្គបណ្ឌិតសភាចារ្យផ្ទាល់ ពីគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការចែករំលែកពីសប្បុរសជន និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផងដែរ។

ដើម្បីតបស្នងសងគុណ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងការលះបង់ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបន្តជំរុញសកម្មភាពការងារកីឡាការ៉ាតេ ឲ្យទទួលបានគុណផលកីឡាមុតស្រួច និងជ័យលាភី ជូនជាតិមាតុភូមិ ជាពិសេសគឺការសម្រួចគោលដៅឲ្យទទួលបានជោគជ័យ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ ៖ សិលា


ចែករំលែក៖