ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីនិងថៃ នឹងផលិតថ្នាំព្យាបាលកូវីដ-១៩

ចែករំលែក៖

ប្រទេសចំនួនពីរនៅក្នុងតំបន់អាស៊ាន គឺថៃនិងឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសតំបន់អាស៊ីមួយចំនួនទៀតបានឡើងគម្រោងផលិតថ្នាំព្យាបាលកូវីដ-១៩ ប្រភេទ Molnupiravir ដើម្បីបង្កើនសកម្មភាពព្យាបាលអ្នកជំងឺកូវីដ-១៩ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានបញ្ជាក់ថា ប្រទេសនេះមានគម្រោងផលិតថ្នាំព្យាបាលកូវីដ-១៩ Molnupiravir ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបានកើនឡើងខ្ពស់ក្រោយការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង។ ថ្នាំព្យាបាលកូវីដ-១៩ គឺសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យ និងអ្នកជំងឺកូវីដ-១៩ដែលអាចឈឺធ្ងន់។ ថ្នាំព្យាបាលខាងលើគឺបានស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Merck និងRidgeback Biotherapeutics សហការគ្នាផលិត។ ថៃក៏បានបញ្ជាទិញថ្នាំព្យាបាលនេះចំនួន៥ម៉ឺនគ្រាប់ផងដែរ ដើម្បីយកមកព្យាបាលអ្នកជំងឺកូវីដ-១៩។
កន្លងមករដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានប្រកាសថា ប្រទេសនេះនឹងផលិតថ្នាំព្យាបាលកូវីដ-១៩ Molnupiravir នៅខែមេសាឆ្នាំ២០២២។ បច្ចុប្បន្នឥណ្ឌូនេស៊ីបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវថ្នាំព្យាបាល Molnupiravir ហើយពេលនេះទទួលបានថ្នាំព្យាបាលនេះជាង ៤សែនគ្រាប់ហើយពីក្រុមហ៊ុន Merck ។
ថ្នាំព្យាបាលកូវីដ-១៩ Molnupiravir បានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ក្នុងនោះមានប្រទេសអង់គ្លេសបានប្រើប្រាស់តាំងពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១។

ចំណែកអាមេរិកអនុម័តឱ្យប្រើប្រាស់តាំងពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ផងដែរ៕ ដោយ៖ធីរីណា

រូបថត៖News Emory


ចែករំលែក៖