ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៌មានពីប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក លោកង៉ែត សាវឿន នៅរសៀលថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពត បានស្ទាក់ចាប់រថយន្តចំនួន២គ្រឿង ដែលដឹកបង្គាសង្ស័យមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់រថយន្តខាងលើធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា២០២២នៅចំណុចផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្នុងប្រតិបត្តិការនេះដែរ ក៏មានអាជ្ញាធរមានមន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល មន្ត្រីជលផល និងមន្ត្រីមកពីសាលាខេត្តកំពតប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងនោះក៏មានលោក ឈា រីម៉ារ៉ូ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពតផងដែរ។
ចំពោះករណីចាប់រថយន្តខាងលើនេះ គឺសង្ស័យដឹកបង្គាមានសារធាតុគីមីដែលចាក់ចាហួយ នៅខួរក្បាលធ្វើឱ្យបង្គានីមួយៗ ឡើងគីឡូធ្ងន់ភ្នែកជញ្ជីង ។
លោកប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានថ្លែងបន្តថា រថយន្តចំនួន២គ្រឿងនេះបានដឹកបង្គា និងក្ដាមថ្ម ហើយមានមឹកសរុបចំនួន៦១០កេស ហេីយម្ចាស់ដែលនាំបង្គាពីវៀតណាមនេះ គឺមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ ។
លោកង៉ែត សាវឿន បន្តថា ការដឹកជញ្ជូនបង្គានេះខាងជំនាញបានរកឃើញថា បង្គានៅក្នុងកេសនីមួយៗ សុទ្ធតែត្រូវបានចាក់ចាហួយនៅខួរក្បាលបង្គា។
ដោយឡែកជុំវិញករណីនេះដែរ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានឱ្យដឹងដែរថា ការចាក់ចាហួយក្នុងខួរក្បាលបង្គានេះ មានសារធាតុជាតិគីមីធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ។
អភិបាលរងស្រុកកំពង់ត្រាច បានឱ្យដឹងទៀតថា ចំពោះការពិនិត្យជាក់ស្ដែងបង្គានៅក្នុងកេសនីមួយៗ មានចំនួន៦១០កេសស្មើរនឹង១២តោន ហេីយសមត្ថកិច្ចជំនាញអាចនឹងធ្វើការដុតកម្ទេចចោលហើយតាមក្រោយ៕
ដោយ៖ អារុណរះ