ព័ត៌មានទាន់ហេតុការណ៍៖

យល់ដឹងពី ” ទំនៀមទម្លាប់និងប្រពៃណីខ្មែរ” (តពីលេខមុន)

ចែករំលែក៖

អំពីសម្លៀកបំពាក់÷ កុំគប្បីសម្គាល់ពណ៌ព្រែឬសំពត់ទាំងឡាយថាល្អហើយសមហើយយកជាប្រមាណនោះឡើយ។ព្រែក្តី សំពត់អំបោះក្តី។ល។ រមែងមានពណ៌ផ្សេងគ្នា ដូច្នេះយើងត្រូវរើសយកប៉ុណ្ណាដែលសមល្មមនឹងសម្បុរស្បែកយើង ពណ៌ណាសមនឹងចំណាស់យើងទោះបីមានផ្កាឬលាតក៏កុំឲ្យមានទំនាស់ពុំសមរម្យនិងរូបឆោមលោមពណ៌របស់យើង។

 សម្លៀកបំពាក់ទាំងនេះត្រូវចែកទៅតាមទម្លាប់ទំនៀមផងតាមសម័យនិយមផង តាមផ្លូវការផង តាមរដូវផង។

ក-តាមទម្លាប់ទំនៀមនិងសម័យនិយមយើងគប្បីស្លៀកពាក់ឲ្យត្រូវតាមទម្លាប់ទំនៀមរបស់ស្រុកនោះតើនៅពេលណាខ្លះ?

ខ្ញុំយល់ថាត្រូវស្លៀកពាក់ឱ្យសមរម្យផង ឲ្យត្រូវតាមទម្លាប់ទំនៀមស្រុកផង ឲ្យត្រូវតាមសម័យនិយមផងក្នុងពេលដូចមានតទៅនេះ÷

១-ទៅវត្ត(ក្នុងឱកាសបុណ្យក្តី ឥតបុណ្យក្តី)។

២-ទៅបុណ្យខ្មោច គឺសពនៅលើផ្ទះឈាបនកិច្ចបញ្ចុះធាតុ។៣- ទៅក្នុងមង្គលការអាពាហ៍ពិពាហ៍។ ៤- ទៅធ្វើការងារផ្សេងៗ ៥-ទៅដើរកម្សាន្ត។ ៦- ទៅលេងផ្ទះបងប្អូនមិត្តសម្លាញ់និង៧- គឺនៅផ្ទះ។

 ការកាន់ទម្លាប់ទំនៀមជាការប្រសើរណាស់ក៏ពិតមែនហើយប៉ុន្តែទម្លាប់ឯណាដែលប្រែប្រួលទៅតាមសម័យនិយមហើយទម្លាប់នោះមិនអាចនៅជាទំនៀមទៅទៀតបានឡើយ។

 រឿងសម្លៀកបំពាក់នេះផ្លាស់ប្ដូរច្រើនបែបណាស់ស្ទើរតែមួយឆ្នាំម្ដងៗម្ដងតែសម្រាប់ការចូលគាល់ព្រះរាជាក្តី មង្គលការអាពាហ៍ពិពាហ៍ក្តី កាន់ទុក្ខក្តី ពុំទាន់មានផ្លាស់ចោលទម្លាប់ទំនៀមចាស់បុរាណដាច់ស្រឡះនៅឡើយទេ។

១-ទៅវត្ត

ស្ត្រីនិងបុរសមានរបៀបរៀបចំខ្លួនប្រាណទៅវត្តប្រកបដោយដំណើរសង្រួមតាំងពីឫកពាព្រមទាំងសម្លៀកបំពាក់ទៀតផងឲ្យល្មមសមរម្យកុំប្រើពណ៌ឱ្យឆើតឆាយពេក។ សំពត់អាវដែលស្លៀកពាក់ទៅវត្តក៏គប្បីបិទបាំងរូបកាយឱ្យបានគត់មត់ល្អ។សម្រាប់ស្ត្រីត្រូវប្រុងប្រយ័ត្នកុំឲ្យស្លៀកពាក់ខើចពេកខ្លីពេកឬចំហមុខក្រោយឲ្យលិចឃើញទីដែលបង្កើតឡើងនៅទម្រេកដល់បុរស។

យើងដឹងហើយថាព្រះសង្ឃលោកជាអ្នកខ្ពើមកាមរោគលោកតែងចោលសម្បត្តិគ្រហស្ថក្នុងលោកិយនេះប្រាថ្នាកោសរូកិលេសឲ្យស្រាលស្តើង។លោកតាំងអារាមទីលំនៅគណ:លោកដោយឡែក ដើម្បីសេចក្តីស្ងប់ស្ងាត់១ ដើម្បីធ្វើសីលឲ្យបរិសុទ្ធនេះ១ ដើម្បីសេចក្តីសុខក្នុងលោកនេះនិងលោកខាងមុខនេះ១។ ចុះបើស្ត្រីធ្វើឫកជាដំណើរមិនគួរគប្បីនៅមុខលោកៗនៅជាបុថុជ្ជនដែរ ក៏គង់តែមានដួងហឫទ័យវិបល្លាសប្រែប្រួលខ្លះមិនលែង។ដូច្នេះស្ត្រីចូលវត្តគប្បីប្រែកាយវាចា ឫកពា និងសំដីឱ្យសមរម្យកុំឲ្យស្និទ្ធស្នាលនឹងលោកសង្ឃពេក។

បុរសគេធ្លាប់ស្លៀកសំពត់ចងក្បិនខោចិនពាក់អាវកុតឬអាវចិនប៉ុណ្ណោះល្មមហើយ។យើងមិនចាំបាច់ក្រវាត់ក្រមាពីលើអាវទៀតទេ តែបើរៀបចំខ្លួនប្រាណតាមទំនើបថ្មីក៏បាន កុំតែពាក់ស្បែកជើងឡើងកុដិលោក ឡើងព្រះវិហារឬព្រះចរតិយ(ចូរមើលសេចកក្តីអធិប្បាយនៅទំព័រខាងក្រោម)។

ស្ត្រីគេធ្លាប់ស្លៀកសំពត់ចងក្បិនសំពត់សម្លុយឬខៀនពាក់អាវបំពង់ខ្លីឬអាវបំពង់វែងតែគេតែងមានក្រមាដណ្ដប់បិទទ្រូងទៀតនោះជាការចាំបាច់លើកលែងតែស្ត្រីព្រហ្មចារីចេញគេអត់រិះគន់ទេ។

ដល់មកសតវត្សរ៍នេះអរិយធម៌អឺរ៉ុបចូលមក សម្លៀកបំពាក់បណ្តាជនផងទាំងពួងក៏ចម្រើនទៅតាមបែបផែននោះដែរ។ព្រមទាំងការរចនាផ្សេងៗទៀតក៏ល្អលើសលុបជាងពីសម័យបុរាណច្រើនបែបច្រើនយ៉ាងណាស់ហើយប្លែកៗគ្នាផង។ត្រង់នេះស្ត្រីត្រូវចាំកុំភ្លេចថាបើរៀបខ្លួនប្រាណទៅវត្តកុំគប្បីប្រើសំពត់និងអាវដែលមានពណ៌ឆើតឆាយពេក កុំគប្បីពាក់អាវឥតដណ្ដប់ក្រមា កុំគប្បីពាក់អាវវៀលកធំពេកហើយគ្មានដៃនោះផង។

គប្បីប្រើពណ៌យ៉ាងខ្ចីយ៉ាងស្រគាំសឬខ្មៅអាវវៀលកឱ្យតូចល្មមមានដៃវែងឬខ្លីល្មមហើយត្រូវនឹង ដណ្តប់ក្រមាទៀតទើបសមរម្យជាអ្នកចូលវត្ត(បើពាក់អាវសសមជាងគេបំផុត)។

“ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត”(នៅមានត)


ចែករំលែក៖