ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ខេត្ត-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ច នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។
សូមបញ្ជាក់ជូនថា, តាមរយៈផេកក្រសួងទេសចរណ៍បានអោយដឹងថា, វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បាននិងកំពុងរៀបចំឡើងជាបណ្ដើរៗហើយចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»។
តាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែលនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស ៕
ដោយ ៖ សុខ ខេមរា