ភ្នំពេញ ៖ឥ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលជួបជាមួយជាមួយ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ផ្នែកសហគមន៍សង្គម-វប្បធម៌ ដែលរួមមានអាទិភាព និងឯកសារលទ្ធផលក្រោមសហគមន៍សង្គម-វប្បធម៌ ដែលត្រូវយកទៅអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២២។
ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនានារវាងលេខាធិការដ្ឋានអាស៊ាន និងវិស័យទាំងអស់នៅក្រោមសហគមន៍សង្គម-វប្បធម៌ ដើម្បីធានាថា ភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថា, នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយ លោកអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានលោកអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោកនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែងដែលសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។ សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។
នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់ ចំណុចសំខាន់ៗដូចជា ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណងគឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ , បញ្ឈប់អំពើហិង្សា ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា៕
ដោយ ៖ សិលា