ព័ត៌មានទាន់ហេតុការណ៍៖

មហាជនជាច្រើនស្នើឱ្យពិនិត្យលើករណីបុរសម្នាក់ប្រើប្រាស់បណ្តាញសង្គមបញ្ចេញសារមិនសមរម្យភ្ជាប់នឹងព្រះឆាយាលក្ខណ៍ព្រះនាងតូច នរោត្តម ជេនណា

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លេងមកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ទៅលើករណីបុរសម្នាក់ដែលមានឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ចិត្តវិទ្យាមិនអាចភ្លេចបានពីខ្ញុំទ្រីរ៉ុង” បានយកព្រះឆាយាលក្ខណ៍ព្រះនាងតូចនរោត្តម ជេនណា ភ្ជាប់ទៅនឹងរូបថតរបស់ខ្លួន អមដោយសារមិនសមទំនងមួយចំនួន។ អ្នករិះគន់បានលើកឡើងថា ជារឿងមិនសមរម្យដែលត្រូវយកព្រះឆាយាលក្ខណ៍ព្រះនាងជេនណាមកបង្ហោះជាសាធារណៈពោលពាក្យបែបស្នេហាទាំងទ្រង់នៅព្រះជន្មក្មេងខ្ចីនៅឡើយ។  

  ពាក្យស្រលាញ់ ចង់រៀបការ និងចង់បានជាគូអនាគតរបស់បុរសរូបនេះបានរងការសំពងដោយការរិះគន់ និងកំពុងតែឡើងកម្តៅជាថ្មីក្រោយពីបុរសខាងលើបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបន្តបង្ហោះសារ និងរូបថតព្រះនាងតូចនរោត្តម ជេនណា ដែលគេដឹងថាពិតជារឿងដែលមិនសមរម្យខ្លាំងបំផុតនោះ រហូតមានអ្នកខ្លះស្នើឱ្យមានការស្រាវជ្រាវរកមុខ ឬមានចំណាត់ការតាមផ្លូវច្បាប់នោះជាដើម។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បានបញ្ចេញយោបល់ថា ”ការស្រឡាញ់មិនខុសច្បាប់ទេ ទោះរាស្ត្រមន្ត្រីស្តេច  អ្នកមាន អ្នកក្រ(ជៀសវាងបំពានច្បាប់)..? តែនេះន័យស្នេហាយកជាគូប្តីប្រពន្ធអត្តនោម័តបុគ្គល…ព្រះអង្គនៅក្មេងវ័យ(អនីតិជន) យកព្រះឆាយាលក្ខណ៍ព្រះអង្គមកថតផ្ទឹមខ្លួន ហើយបង្ហោះជាសាធារណៈ ប៉ះពាល់ដល់ព្រះកិត្តិយសព្រះអង្គ គ្មានការអនុញ្ញាតពីទ្រង់(ប៉ះសិទ្ធិបុគ្គល)…សូមមេត្តាបញ្ចេញមតិឬសម្តែងឆន្ទៈអ្វីៗជៀសវាងប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងសិទ្ធិអ្នកដទៃ ពិសេសផ្សព្វផ្សាយតាមបណ្តាញសង្គមសាធារណៈ (មុនធ្វើអ្វីមួយត្រូវគិតថា ចុះបើគេបំពានប៉ះពាល់ខ្លួនវិញ..?)។ សារនេះទទួលបានការគាំទ្រ ច្រើនពីទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏មានអ្នកខ្លះបន្តបង្ហាញអារម្មណ៍ខឹងសម្បាទៅនឹងបុរសខាងលើដែលនៅតែបន្តប្រើប្រាស់ពាក្យមិនសមទំនង និងអ្នកខ្លះវិញលើកឡើងថា អាចជាការប្រើប្រាស់គណនីក្លែងក្លាយ ឬអ្នកប្រើប្រាស់គណនីមានអារម្មណ៍មិនប្រក្រតីណាមួយក៏ថាបាន។ រូបភាព និងខ្លឹមសារនៃសារថ្មីនៅតែបង្ហោះនៅលើបណ្តាញសង្គមបុរសខាងលើដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ និងមិនពេញចិត្តកាន់តែខ្លាំង និងស្នើឱ្យមានការត្រួតនិត្យរកការណ៍ពិតទៅលើការបង្ហោះសារទាំងនោះ។ 

  រហូតមកដល់ពេលនេះគេនៅមិនទាន់បានឃើញអំពីប្រតិកម្មណាមួយពីសំណាក់ព្រះញាតិវង្សព្រះនាងតូចនរោត្តម ជេនណា នៅឡើយ ប៉ុន្តែគេបារម្ភថាការបង្ហោះសារនេះនឹងមិនបញ្ឈប់ទេប្រសិនបើគ្មានចំណាត់ការ ហើយប្រសិនបើទប់ស្កាត់ទាន់ពេលវេលា ក៏ជាការព្រមានទៅដល់បុគ្គលផ្សេងដែលបានប្រើប្រាស់បណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ រហូតមានអ្នកខ្លះស្នើឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខបុរសនោះដើម្បីឱ្យដឹងការណ៍ពិតផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖