ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីអនុម័តច្បាប់ប្តូររដ្ឋធានីចាការតា ទៅកាន់កោះBorneo

ចែករំលែក៖

រដ្ឋសភាឥណ្ឌូនេស៊ីបានអនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីចាការតា ទៅកាន់តំបន់ Kalimantan នៅលើកោះ Borneo។

តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ច្បាប់ថ្មីបានកំណត់ពីវិធានការគ្រប់គ្រងក៏ដូចជាការចំណាយមូលនិធិសម្រាប់អភិវឌ្ឍបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។ នេះជាគម្រោងផ្លូវច្បាប់របស់រដ្ឋដែលត្រូវចំណាយប្រាក់ជាង៣២ពាន់លានដុល្លារ ដែលស្នើឡើងដោយប្រធានាធិបតី Joko Widodo ។
មានប្រសាសន៍ទៅកាន់រដ្ឋសភា ក្រោយការអនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីនៅថ្ងៃទី១៨ខែមករា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Suharso Monoarfa បានបញ្ជាក់ថា «រដ្ឋធានីថ្មីមានមុខងារកណ្តាល និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិក៏ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី …របស់ប្រទេសជាតិ»។
ប្រធានាធិបតី Joko Widodo បានជ្រើសរើសឈ្មោះរដ្ឋធានីថ្មី មានឈ្មោះថា ណូសាន់តារា«Nusantara» ក្នុងភាសាជ្វា(Java) មានន័យថា«កោះរបស់ឥណ្ឌូនេស៊ី»។ ប្រធានាធិបតីឥណ្ឌូនេស៊ីជាច្រើនជំនាន់មកហើយបានឡើងគម្រោងផ្លាស់ប្តូររដ្ឋធានីចាការតា ដែលជាទីក្រុងសេដ្ឋកិច្ចមានពលរដ្ឋជាង១០លាននាក់ ហើយតែងតែប្រឈមបញ្ហាកកស្ទះចរាចរ ណ៍ គ្រោះទឹកជំនន់ និងការបំពុលបរិយាកាស។ ប៉ុន្តែរហូតមកទល់ពេលនេះ ទើបគម្រោងផ្លាស់ប្តូររដ្ឋធានីបានអនុវត្ត៕ ដោយ៖ធីរីណា

រូបថត៖Reuters

រូបថត៖TTXVN 


ចែករំលែក៖