ភ្នំពេញ៖ រថយន្តធុនធំ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីម្ខាងគាបជាប់តៃកុងបណ្តាលឱ្យរងរបួស ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញយកចេញមកខាងក្រៅ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E-០៧៤៨ របស់ក្រុមហ៊ុនសុធា អេស ដឹកកេសក្រដាស ធ្វើដំណើរតាមផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចភ្លើងស្តុបបំបែកផ្សារថ្នល់បត់ ស្រាប់តែរថយន្តខាងលើបានបើកគេចពីម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋដែលឈប់ចាំភ្លើងស្តុបពណ៌ខៀវ ក៏រេចង្កូតទៅបុករថយន្តសណ្ដោងទូកុងតឺន័រដែលពាក់ស្លាកលេខ ភ្នំពេញ 3E-0247 ពណ៌ស បើកបរដោយបុរសម្នាក់យ៉ាងពេញទំហឹងបណ្ដាលឱ្យគាបជាប់តៃកុងរថយន្ត ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញយកចេញមកខាងក្រៅ តែសំណាងល្អគ្រាន់តែរងរបួសត្រូវជើងបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ