ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា, ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបម្លែងខ្លួនប្រភេទដែលតា ឬអូមីក្រុង នៅក្នុង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាត សុវត្ថិភាពឱ្យបានម៉ឺងម៉ាត់

២. ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ ក្នុងករណីមានកម្ដៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាក រហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់ នៅគ្រឹះស្ថានសិក្សាវិញ 

៣. អនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែល មានចំណុះសិស្សច្រើន រួមជាមួយនិងការបង្រៀននិងរៀនតាមអនឡាញ។ ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖