ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញចាត់វិធានការតាមនីតិវិធី ខណៈ​២ទីតាំង​ ត្រូវ​មន្រ្តីជំនាញកាត់សៀលអនុញ្ញាតឱ្យបើកដំណើការអាជីវកម្មឡើងវិញ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២​ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈដើម្បីទប់ស្កាត់អំពើមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈតាមរយៈការកេងប្រវ័ញ និងបន្លំណាមួយពីអតិថិជន ឬអ្នកប្រើប្រាស់ទូទៅ។ 

ប្រភពដដែលបន្តថា​ យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញដេប៉ូចំនួន ៥ទីតាំងមិនមានអនុលោមភាពក្នុងចំណោម ៨ស្ថានីយ​ និងដេប៉ូដែលបានត្រួតពិនិត្យ និងធ្វើការពិន័យទៅតាមនីតិវិធីផងដែរ។

ដោយ​ឡែក​ក្នុងថ្ងៃដដែលនោះផងដែរ មន្រ្តី ក.ប.ប. សាខាខេត្តកណ្ដាល​ បានសហការជាមួយក្រឡាបញ្ជីខេត្ត និងអាជ្ញាធរខេត្តចុះកាត់សៀលជូនដេប៉ូប្រេងចំនួន ២ទីតាំង និងអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញបន្ទាប់ពីបានធ្វើការកែតម្រូវទៅតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែង៕

ដោយ​៖ស​ តារា​


ចែករំលែក៖