ព័ត៌មានទាន់ហេតុការណ៍៖

អូមីក្រុងមិនមែនជាវីរុសបំប្លែងថ្មីចុងក្រោយនោះឡើយ ចូរកុំធ្វេសប្រហែសឱ្យសោះ

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១៨ខែមករា បានប្រកាសថា ជំងឺឆ្លងនឹងមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពេលវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងបានបញ្ចប់ ។ WHO ព្រមានថា នឹងមានវីរុសបំប្លែងថ្មីទៀតបន្តឆ្លងរាលដាលនៅលើពិភពលោក។
លោកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសស្តីពីកូវីដ-១៩ របស់WHO បានបញ្ជាក់ថា «យើងបានឃើញប្រព័ន្ធផ្សព្វផ្សាយជាច្រើនបញ្ជាក់ថា អូមីក្រុង គឺជាវីរុសបំប្លែងថ្មីចុងក្រោយ ហើយជំងឺឆ្លងកូវីដ-១៩ នឹងបញ្ចប់។ នោះជារឿងខុសឆ្គង ដោយវីរុសកំពុងតែវាយលុកនៅជុំវិញពិភពលោក» ។
តាមការលើកឡើងរបស់WHO ករណីឆ្លងថ្មីបានកើនឡើងដល់ទៅ ២០% នៅទូទាំងពិភពលោក រយៈពេលមួយសប្តាហ៍កន្លងមក គឺមានអ្នកឆ្លងសរុបជាង១៩លាននាក់។ ទាំងនោះហើយអាចបង្កឱ្យមានករណីបំប្លែងថ្មីជាបន្តទៀត។
ក្នុងពេលនេះដែរ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាននិយាយថា បច្ចុប្បន្ននេះនៅមិនទាន់មានភស្ដុតាងណាមួយដែលបង្ហាញថា កុមារនិងក្មេងជំទង់ដែលមានសុខភាពល្អស្រាប់ទៅហើយនោះ មិនចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ថែមទៀតនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថា «ជាការណ៍ពិតណាស់ ប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែការសិក្សាស្រាវជា្រវ បន្ថែមត្រូវតែធ្វើឡើងដើម្បីកំណត់ឱ្យច្បាស់ថា តើនរណាខ្លះដែលចាំបាច់ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ»។
ការលើកឡើងរបស់ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ WHO ខាងលើនេះ បានកើតមានឡើងចំពេលបណ្ដាប្រទេសជាច្រើន ក្នុងនោះមានដូចជា អ៉ីស្រាអែលជាដើម បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដល់កុមារមានអាយុ១២ឆ្នាំ ខណៈសហរដ្ឋអាមេរិកកាលពីដើមខែមករានេះ ក៏បានអនុញ្ញាតលើការចាក់វ៉ាក់សាំងបង្ការ «ដូសជំរុញ» សម្រាប់កុមារមានអាយុពី ១២ ដល់ ១៥ឆ្នាំផងដែរ។
កាលពីសប្ដាហ៍មុន ប្រទេសអាល្លឺម៉ង់បានផ្ដល់អនុសាសន៍ឱ្យកុមារមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ហើយហុងគ្រីក៏បានធ្វើដូចគ្នានេះដែរ។ យ៉ាងណាក៏ដោយ ការលើកឡើងពីសំណាក់មន្ត្រីជំនាញនៃ WHO ខាងលើនេះ ត្រឹមតែជាសារក្រើនរំលឹកបន្ថែមអំពីភាពចាំបាច់ប៉ុណ្ណោះ៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖