ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ថា : តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ូ ថាញ់សឺន រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ប៊ូយ ញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូត និងជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅ មកសម្រាប់ប្រជាជនទាំងពីរ៕
ដោយ ៖ សុខ ខេមរា