ខេត្តកំពង់ឆ្នាំង៖ ប្ដីនិងប្រពន្ធ២នាក់ត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាម ខណៈដែលមានជនមិនស្គាល់មុខលបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ហើយត្រូវបានញាតិមិត្តបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីកាប់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចឈ្លេញ ដែលស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធកំពុងដេកលើទូកចាំរបាំងលបរបស់ខ្លួននៅពេលយប់ ។
តាមប្រភពព័ត៌មានបឋមដែលយើងទទួលបានពីសមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យនៅកន្លែងកើតហេតុបានឱ្យដឹងថាជនរងគ្រោះដែលជាប្តីមានឈ្មោះ អេង ថា អាយុ៣០ឆ្នាំ ចំណែកប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ឆ្នាំ ទាំង២នាក់នេះរងរបួសធ្ងន់ មានទីលំនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងមានមុខរបរធ្វើស្រែនិងនេសាទ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងដែរថា នៅយប់ថ្ងៃកើតហេតុពួកគាត់ទាំង២នាក់ប្ដីប្រពន្ធបានទៅដេកចាំរបាំងលបរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ស្រាប់តែមកដល់វេលាម៉ោងប្រមាណជា១១យប់ មានជនសង្ស័យ បានចូលទៅកាប់ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធជាច្រើនកាំបិតបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ជាច្រើនកន្លែង ហើយជនដៃដល់ក្នុងការកាប់ប្រហារខាងលើបានរត់គេចខ្លួនបាត់ទាំងយប់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ពីមូលហេតុនៃការកាប់សម្លាប់ជនរងគ្រោះខាងលើថាជាករណីគំនុំឬយ៉ាងណានោះទេ តែសមត្ថកិច្ចខេត្តនិងស្រុក ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលកំពុងបើកការស្រាវជ្រាវបន្ទាន់យ៉ាងយកចិត្តទុកដាក់។
បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ឈ្មោះ អុន ដែលត្រូវជាឪពុកជនរងគ្រោះបានប្រាប់នៅព្រឹកថ្ងៃទី១៩ ខែមករា ២០២២នេះថា ក្រោយការស្រាវជ្រាវសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ផងដែរ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា ករណីខាងលើនេះនៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេគឺសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងស្រាវជ្រាវបន្តទៀត៕
ដោយ៖ ចន្ទ លីហ្សា