ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាបចេញសេចក្តីជូនព័ត៌មាន លទ្ធផលនទស្សនកិច្ចផ្លូវការរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៥-១៩ ខែមករា ឆ្នាំ២០២២ ។
តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ បានអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជាក្នុងការជំរុញដំណើរការកសាងសហគមន៍ អាស៊ាន តាមរយៈការពង្រឹងមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ជាកិច្ច ឆ្លើយតប លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការត្រៀមលក្ខណៈ រួចរាល់របស់លេខាធិការដ្ឋានអាស៊ានក្នុងការគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញ អាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានារបស់ខ្លួន សម្រាប់ផល ប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។
ក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក លឹម ចុក ហ៊ុយ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ថាតើត្រូវធ្វើយ៉ាងណាដើម្បីជំរុញកិច្ចប្រឹងប្រែងកសាងសហគមន៍ អាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីបញ្ហាប្រឈមចម្បងៗដែលអាស៊ានកំពុងជួបប្រទះ ដូចជា ការស្ថានសេដ្ឋកិច្ច សង្គមឡើងវិញ
ក្រោយជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយ បញ្ហាស្មុគ្រស្មាញនានា។ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់។
លោក លឹម ចុក ហ៊ុយ បានចែករំលែកនូវទស្សនៈអំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់ អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ច សហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។
ភាគីទាំងពីរ ក៏បានពិភាក្សាជាច្រើនលើអាទិភាព និងសមិទ្ធផលរំពឹងទុករបស់កម្ពុជាក្នុងឆ្នាំ ២០២២ និងបានពិភាក្សាផងដែរលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមមានសភាពការណ៍នៅមីយ៉ាន់ម៉ា និងវិធីធ្វើយ៉ាងណាជំរុញការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាចាំបាច់នៅក្នុង ប្រទេសមីយ៉ាន់ម៉ា។
លោក លឹម ចុក ហ៊ុយ ក៏មានជំនួបដាច់ដោយឡែកពីគ្នាផងដែរជាមួយ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៕
ដោយ ៖ សុខ ខេមរា