ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅបរិវេណសាលាខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទី៤) ប្រភេទMODERNA ជូនមន្ត្រីរាជការជួរមុខ ចំនួន១,៤៩៦នាក់ ស្មើនឹង៣០មន្ទីរ អង្គភាព ក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដូសជំរុញ (ទី៤)នេះ គឺជាចំណុចសំខាន់ និងជាការបន្ស៉ាំខ្លួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។

លោកក៏បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនបងប្អូនទូទាំងប្រទេសនាពេលនេះ។ 

សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ មន្ត្រីជួរមុខ ដែលត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ (ទី៤) នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ មានចំនួន១,៤៩៦នាក់ ស្មើនឹង៣០មន្ទីរ អង្គភាព។ ការជំរុញឱ្យមានការចាក់ជូនមន្ត្រីជួរមុខនេះឡើង គឺដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ក្រោយការឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងវាយលុកសព្វថ្ងៃ។ ចំពោះមន្ត្រីរាជការ ដែលអាចចាក់វ៉ាក់សាំងដូសជំរុញ (ទី៤)បាន គឺត្រូវមានគម្លាតរយៈពេលយ៉ាងតិច ៤ខែ គិតពីថ្ងៃចាក់ដូសទី៣ និងសូមភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖