ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានមន្ទីរផែនការខេត្តស្វាយរៀងដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់ឱ្យមានភាពស្រស់បំព្រង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់អោយមានភាពស្រស់បំព្រងក៏ដូចជាដើមក្ងោកដែលដាំជាច្រើនឆ្នាំអោយមានភាពស្រស់បំព្រងបន្ថែមទៀតនាថ្ងៃទី២០ខែមករាឆ្នាំ២០២២។

លោក ថោង សាមាន បានមានប្រសាសន៍ថា លោកក៏ដូចជាក្រុមការងារតែងតែបោះសំអាតធ្វើអនាម័យចុះកែលម្អបរិស្ថានមួយសប្ដាហ៍ម្ដងគោលបំណងធ្វើសកម្មភាពនេះដើម្បីកែរលម្អបរិស្ថានអោយមានសោភណ្ឌ័ភាពក៏ដូចជាធ្វើអោយដើមក្ងោកដែលលោកនិងក្រុមការងារខិតខំដាំដុះជាច្រើនឆ្នាំតាមដងផ្លូវជាសួនមួយសម្រាប់អមទៅរករមណីដ្ឋានប្រាសាទ

ព្រៃបាសាក់អោយមានភាពស្រស់បំព្រងបន្ថែមទៀត។

លោកបន្តថា ដោយមានការអនុញាត្តិនិងគាំទ្រពីសំណាក់លោក ម៉ែនវិបុលអភិបាលខេត្តស្វាយរៀងទើបលោកបានផ្ដួចផ្ដើមនិងគៀងគរបានសប្បុរសជនក៏ដូចជាលោកលោកស្រីបងប្អូនមិត្តភក្ត្រ័ផ្ដល់ជាថវិការដោយបានទិញផ្ទាំងភ្លើងសូឡាដើម្បីដាក់បំភ្លឺផ្លូវសាធារណៈលើកំណាត់ផ្លូវលេខ៣១៤C និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់ ដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពេលយប់ងងឹតដោយមិនមានការភ័យព្រួយ។

លោកបាន បន្តថាការដាក់ផ្ទាំងភ្លើងសូឡាដើម្បីដាក់បំភ្លឺផ្លូវសាធារណៈលើកំណាត់ផ្លូវលេខ៣១៤C គឺចាប់ពីទីកន្លែងស្ងាត់គ្មានមនុស្សរស់នៅ ស្ថិតត្រង់វត្តកោះជុំទៅត្បូងរហូតដល់ផ្ទះប្រជាជនរស់នៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ  (ថ្នល់រំចេក) និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់ ផងដែរ។

មិនតែប៉ុណ្ណោះលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាសប្បុរសជននានាដែលបានរួមចំណែកចំណាយជាថវិកាក្នុងការទិញអំពូលភ្លើងសូឡា បំភ្លឺតាមបណ្ដោយផ្លូវលេខ៣១៤C ជាចំណងដៃ ជូនប្រជាជននៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយ ហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍រួមជាសាធារណៈរបស់យើងទាំងអស់គ្នាផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖