ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខា លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ព្រមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាខណ្ឌនិងអំណោយពីសប្បុរសជនជូនដល់ប្រជាពលរដ្ឋជួបការលំបាក១០គ្រួសារ ចាស់ជរា១០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ ជនពិការ១០គ្រួសារ សរុបចំនួន៤០គ្រួសារ រស់នៅសង្កាត់ភ្នំពេញថ្មី២០គ្រួសារនិងសង្កាត់គោកឃ្លាង២០គ្រួសារ។
នាឱកាសនោះ លោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធអេរ៉ូទិច១កេស , មី១២កំប៉ុង , ត្រីខ១យួរ ,ទឹកសុីអុីវ១យួរ , នំ១កញ្ចប់, ជែល១ដប ,ម៉ាស់១កញ្ចប់, ភួយ១ និងថវិកាចំនួន២មុឺនរៀល ៕
ដោយ៖ចន្ទ លីហ្សា