ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក ប៊ួយ ថាញ់ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក ប៊ួយ ថាញ់ស៊ឺន នៅកម្ពុជាថា ជាការចូលរួមចំណែកដ៍សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរ ដែលមានជាយូរមកហើយនេះ អោយកាន់តែប្រសើរខ្លាំងក្លាថែមទៀត។
សម្តេចប្រធានរដ្ឋសភា និងលោក ប៊ួយ ថាញ់ស៊ឺន បានអបអរសាទរចំពោះខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរនៅឆ្នាំនេះ។ លោករដ្ឋមន្រ្តីការបរទេស បានសម្តែងការអបអរសាទរនិងរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។
លោកបានជម្រាបជូនសម្តេចពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនៅកម្ពុជានាឱកាសនេះ ក្នុងនោះការចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយលោក រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាផងដែរ។
លោក ប៊ួយ ថាញ់ស៊ឺន បានគោរពស្នើសូមសម្តេចប្រធានរដ្ឋជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។
លោកក៏បានស្នើសុំសម្តេចជួយសម្រួល និងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើងថែមទៀត។ ជាមួយគ្នានេះ ឯករដ្ឋមន្រ្តី បានគោរពស្នើសុំសម្តេចបន្តជំរុញនិងលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរ នៅលើវេទិកាអន្តរសភាទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោកនានាដូចជា APA, AIPA, IPU, និង APPF ជាដើម។
លោក ប៊ួយ ថាញ់ស៊ឺន បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធាន ASEAN និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ ។
ជាចុងបញ្ចប់ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម លោក ប៊ួយ ថាញ់ស៊ឺន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណសង្គមនិយមវៀតណាមនៅពេលសមស្របណាមួយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាមនិងបានសន្យាថាសម្តេចនឹងដឹកនាំគណប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាមនៅពេលវេលាសមស្របណាមួយ៕
ដោយ ៖ សិលា