ខេត្តតាកែវ ៖ ពិតជារឿងស្មានមិនដល់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបានមួយរយៈបន្ទាប់ពីអតីតប្ដីរបស់ខ្លួនបានកាប់មួយពូថៅចំក្បាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះប៉ា ត្រិន ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតាស៊ូឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ បានយកពូថៅដងឈើផ្លែដែកប្រវែង៥០សង់ទីម៉ែត្រកាប់ទៅលើអតីតប្រពន្ធដែលជាជនរងគ្រោះឈ្មោះ ឡេ ថុន អាយុ៧៧ឆ្នាំមុខរបរកសិករមានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យរងរបួសក្បាលពីក្រោយធ្ងន់ធ្ងរហើយក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ( ភ្នំពេញ) លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២វេលាម៉ោង៧ និង០០នាទីព្រឹកដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដោយសាររឿងគំនុំព្រោះអ្នកទាំងពីរនាក់ប្ដីប្រពន្ធបានលែងលះគ្នាចែកទ្រព្យសម្បត្តិគ្នាយូរណាស់មកហើយ ហើយនៅផ្ទះជិតគ្នាទៀត។
ក្រោយកើតហេតុជនសង្ស័យបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តហើយត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តបញ្ជូនមកអធិការនគរបាលស្រុកបាទីដើម្បីចាត់ការបន្តតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការ៕
ដោយ៖ ស សម