ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ P.DEE BRAND Cosmetic : កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងស្ដាប់ធម្មជាតិ P DEE BRAND និងគ្រឿងសំអាងម៉ាក P. DEE Brand មួយចំនួនទៀតដោយគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

អនុលោកតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរគ្រឿងសំអាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុ ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងនេះជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវម្ចាស់ គណនីហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយ គ្រឿងសម្អាងទាំងអស់នេះជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោល ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ P-DEE BRAND Cosmetic និងជនពាក់ព័ន្ឋដទៃទៀតដែលនាំចូលចែកចាយ លក់ និងផ្សព្វផ្សាយគ្រឿង សម្អាងខាងលើនេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១ ,០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤,០១២ ៨៩២ ០៦៦, ០១២ ៥៦២ ៤៤៦ ៕


ដោយ ៖ សិលា


ចែករំលែក៖