ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរឃុំឃាំងរងការវាយប្រហារតាមដែនអាកាស ស្លាប់និងរបួសជាង២០០នាក់នៅយេម៉ែន

ចែករំលែក៖

មានការវាយប្រហារតាមដែនអាកាសសំដៅទៅលើមន្ទីរឃុំឃាំងនៅតំបន់ភាគខាងជើងប្រទេសយេម៉ែន បណ្តាលឱ្យមនុស្ស ៧០នាក់ស្លាប់និងជាង១៣០នាក់រងរបួស ក្នុងពេលកម្លាំងទាហានដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតវាយបកតបតនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កម្លាំងហ៊ូធីទៅលើបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។
សមាគមគ្រូពេទ្យគ្មានព្រំដែន MSF នៅថ្ងៃទី២១ខែមករា បានប្រកាសថា «កាលពីយប់មិញ មន្ទីរឃុំឃាំង Sa’ada City Remand រងការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។ មន្ទីរពេទ្យ Al-Gumhourriyeh បានទទួលអ្នករងរបួស១៣៨នាក់ និងអ្នកស្លាប់៧០នាក់ធ្វើឲ្យមន្ទីរពេទ្យនេះពេញមិនអាចទទួលអ្នកជំងឺផ្សេងទៀតឡើយ។
នៅពេលនេះក្រុមជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះដែលកប់នៅក្រោមគំនរអគារបាក់បែក ។ នៅពេលនេះមិនទាន់អាចកំណត់ពីតួលេខច្បាស់លាស់ស្តីពីអ្នកស្លាប់និងរងរបួសបាននៅឡើយ។
តាមការលើកឡើងរបស់គ្រូពេទ្យគ្មានព្រំដែន MSF បានបញ្ជាក់ថា នៅមានការវាយប្រហារនៅអាកាសយានដ្ឋានពីរកន្លែង និងទីតាំងជាច្រើនទៀតនៅភាគខាងជើងប្រទេសយេម៉ែន។ ប្រព័ន្ធអុីនធឺណេតត្រូវបានកាត់ផ្តាច់ទាំងស្រុង ។
យេម៉ែនធ្លាក់ក្នុងអំពើហិង្សា អសន្តិសុខចាប់តាំងពីឆ្នាំ២០១៤មក ក្រោយពេលកម្លាំងទាហានហ៊ូធី គាំទ្រដោយអុីរ៉ង់គ្រប់គ្រងមួយផ្នែកធំក្នុងប្រទេសយេម៉ែន ក្នុងនោះមានរដ្ឋធានី Sana’aជាដើម៕

ដោយ៖ធីរីណា(រូបថត៖Reuters )


ចែករំលែក៖