ភ្នំពេញ៖ បើយោងតាមផេក (Cambodia2023) CAMSOC និងប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាល់ឱបកម្ពុជា ដែលបានខិតខំរហូតដល់បានចាប់ដៃគូជាមួយអង្គការ ChildFund Rugby ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
នេះជាការលើកឡើងរបស់លោក នៅក្នុងកម្មវិធីអាហារសាមគ្គីស្តីពីការដាក់ឲ្យដំណើរការនៃភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ឱបកម្ពុជា និង ChildFund Rugby កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅសណ្ណាគារ សាន់វ៉េ។
លោក ព្រុំ ប៊ុណ្ណយី មានប្រសាសន៍ទៀតថា ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាតែងតែគាំទ្រ ក្នុងការជំរុញឲ្យសហព័ន្ធកីឡាជាតិនានាខិតខំបណ្តុះបណ្តាលធនធានដោយខ្លួនឯង ទាំងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត មន្ត្រីអាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងនេះទទួលបានជោគជ័យ។ «តាមរយៈបទបង្ហាញអង្គការ ChildFund Rugby បានលម្អិតនូវគម្រោងសកម្មភាពជាក់លាក់ល្អ ដោយមិនត្រឹមតែជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាបាល់ឱប ក្នុងការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើផ្នែកគ្រប់គ្រងដឹកនាំ សង្គម និងយេនឌ័រជាដើម។ ខ្ញុំគិតថា ប្រសិនបើសហព័ន្ធកីឡាជាតិនានាមានប្រឹងប្រែងស្វះស្វែងរកដៃគូអភិវឌ្ឍដូចសហព័ន្ធបាល់ឱប នាពេលនេះ គឺជារឿងល្អប្រសើរខ្លាំងណាស់ ដើម្បីជួយបំពេញបន្ថែម ក្រៅអំពីការឧបត្ថម្ភគាំទ្ររបស់រដ្ឋ»។
លោកទីប្រឹក្សាបន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡាមានគោលនយោបាយបន្តការឧត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាជាតិនានា ប្រចាំឆ្នាំនីមួយៗដូចរៀងរាល់ឆ្នាំដែរ បើទោះបីជាសហព័ន្ធទទួលបានដៃគូជួយជ្រោមជ្រែងអភិវឌ្ឍបច្ចេកទេសយ៉ាងណាក្តី។ លោកថានឹងយករបាយការណ៍នេះគោរពជូនដល់ លោកបណ្ឌិតសចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រាប ដែលនេះគឺជាគំរូដ៏ល្អមួយ ក្នុងការស្វែងរកដៃគូមកជួយអភិវឌ្ឍបន្ថែម។ «តាមរយៈការខិតខំរួមគ្នានេះ ខ្ញុំជឿជាក់ថា សហព័ន្ធបាល់ឱបនឹងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស សម្រាប់គោលដៅ ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាថ្ងៃអនាគត»។
លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបង្ហាញក្តីរីករាយជាខ្លាំង ដែលដៃសហព័ន្ធទទួលបានដៃគូដ៏សំខាន់ ដែលផ្នែកមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាបាល់ឱបកម្ពុជា ដូចជាបច្ចេកទេសនៃការលេង ការងារអប់រំកាយ និងកីឡា ក៏ដូចជាការសិក្សា និងការបណ្ដុះនូវបំនិនជីវិត សម្រាប់ការរស់នៅប្រចាំដល់កីឡាករ-កីឡាការិនីផងដែរ។
លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា កិច្ចសហការនេះជាការល្អ សម្រាប់សហព័ន្ធ ដោយអង្គការ ChildFund Rugby នឹងជួយផ្សព្វផ្សាយ និងជំរុញការលេងកីឡាបាល់ឱប ព្រមទាំងជួយពង្រឹងសមត្ថភាពសហព័ន្ធឲ្យដំណើរការកាន់កាន់តែប្រសើរបន្ថែមទៀត។
លោក Prashant Verma នាយកប្រចាំប្រទេសកម្ពុជាអង្គការ ChildFund Rugby បានលើកឡើងដែរថា នេះមិនមែនលើកដំបូងឡើយ ដែលអង្គររបស់លោកបានសហការអភិវឌ្ឍកីឡាបាល់ឱបនៅកម្ពុជា ពោលគឺ ChildFund Rugby បានសហការជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក នឹងមានគ្រូបង្វឹក រហូតដល់ ៥០០នាក់ ដែលបានបង្រៀនកីឡាបាល់ឱប និងបំនិនជីវិតដល់ក្មេងក្នុងតំបន់ប្រមាណ ៥ម៉ឺននាក់។ ភាពជាដៃគូនេះនឹងផ្ដល់បង្កើតបាននូវលទ្ធផលដ៏គាប់ប្រសើរមួយ ចំពោះអនាគតបាល់ឱបកម្ពុជា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះរយៈពេល៤ឆ្នាំ ដោយផ្តល់ការគាំទ្រលើផ្នែកគ្រប់គ្រង រៀបចំ និងបណ្ដុះបណ្ដាលធនធាន ការសិក្សានៅ អង្គការ ChildFund Rugby និងផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់គាំទ្រដល់គម្រោងរៀបចំនានារបស់សហព័ន្ធកីឡាបាល់ឱបកម្ពុជាទៀតផង៕
ដោយ ៖ សិលា