ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរូបគាត់បានជិះម៉ូតូដួលហើយត្រូវរថយន្តបើកមកពីក្រោយកិនពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ស្ថិតក្នុងភូមិកណ្តៀង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1Q-7404 បើកបរដោយយុវជនម្នាក់ឈ្មោះ ចយ ប៊ុនលា អាយុ១៦ឆ្នាំ រស់នៅភូមិជៃតាកួន ឃុំ រកាកោះ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាជាមួយរថយន្ត។ លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរម៉ូតូបានដួលដោយខ្លួនឯង ហើយក៏មានរថយន្តដឹកកម្មករមួយគ្រឿងមិនស្គាល់ម៉ាកនិងអត្តសញ្ញាណបើកមកពីក្រោយកិនពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ចំណែកសាកសពផ្នែកជំនាញបានប្រគល់ឱ្យសាច់ញាតិយកទៅធើបុណ្យតាមប្រពៃណី។
វត្ថុតាងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីបន្តស្រាវជ្រាវរកអ្នកបើកបររថយន្តឱ្យចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ចន្ទ លីហ្សា