ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងចំណែករថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំម៉ាកបើកបុកប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CP-5123 ជិះតាមបណ្តោយផ្លូវលេខ១៨២ ក្នុង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវលេខ១៨២ ស្របទិសគ្នាយ៉ាងលឿន មកបុកម៉ូតូពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសអ្នកបើកម៉ូតូ ដួលបោកក្បាលនៅនឹងថ្នល់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួន បាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យក្រុមគ្រួសារទៅយក ចំណែកសព ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖