ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាឃុំគុសជិះម៉ូតូឆ្លងផ្លូវចូលផ្ទះត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់បំផុត

ចែករំលែក៖

   ខេត្តតាកែវ ៖ បុរសម្នាក់ដោយគេដឹងថាជាក្រុមប្រឹក្សាឃុំគុសបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលគាត់ជិះម៉ូតូបត់ឆ្លងផ្លូវរៀបនឹងចូលផ្ទះត្រូវបានរថយន្តមួយគ្រឿងបើកបុកពេញទំហឹងរួចរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃអាទិត្យ​ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងរថយន្តក្នុងទិសដៅស្របទិសគ្នា។  សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថាដំបូងម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម​សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1A-0988 បើកបរដោយឈ្មោះ អ៊ុំ​ ស៊ាន់ ភេទប្រុស​ អាយុ៧២ឆ្នាំ ជាក្រុមប្រឹក្សាឃុំគុស នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)​  ខណៈដែលបើកមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវដើម្បីចូលផ្ទះក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណមកពីក្រោយបានបុកម៉ូតូខាងលើចំពីចំហៀងខាងឆ្វេងពេញមួយទំហឹងតែម្តង រួចហើយបានបើកបរគេចខ្លួនទៅទិសខាងលិចបាត់ទៅ។

   ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកស្រុកត្រាំកក់បានចុះធ្វើការត្រួតពិនិត្យ កសាងសំណុំរឿងទៅតាមនីតិវិធីនិងបានប្រគល់សពជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯវត្ថុតាងម៉ូតូខាងលើរងការខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់៕

ដោយ៖ ស សម

 


ចែករំលែក៖