ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ អង្គការទេសចរណ៍ពិភពលោក កោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ នៅក្រុងព្រះសីហនុ

ចែករំលែក៖

ប្រទេសអេស្ប៉ាញ ៖ នៅព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបង្ហោះថា, លោក ហឺររី វ៉ាង (Harry Hwang) នាយកទទួលកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានកោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីបានត្រឡប់ទៅដល់ប្រទេសអេស្ប៉ាញវិញប្រកបដោយសុវត្ថិភាព។

ការកោតសរសើរយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកម្មវិធីផ្សេងៗទៀត នាអំឡុងវេទិការណ៍ទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុកន្លងទៅ។

ក្រសួងទេសចរណ៍បន្តថា, យោងតាមគណនី Facebook ផ្ទាល់ខ្លួន, លោក Harry Hwang បានលើកឡើងថា «ផ្ដើមដោយការផ្សព្វផ្សាយ ស្នាក់នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក ទៅជានាំគ្នាចាប់ផ្ដើមទេសចរណ៍ឡើងវិញ….បច្ចុប្បន្ន យើងកំពុងក្លាយជាអ្នកធ្វើដំណើរដែលមានភាពវៃឆ្លាតជាងមុន ប្រកបដោយភាពធន់កាន់តែប្រសើរ និងធ្វើដំណើរជាមួយកូវីដ-១៩»។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងទេសចរណ៍កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ការគាំទ្រដ៏លើសលប់ បដិសណ្ឋារកិច្ចដ៏ប្រសើរ និងការរៀបចំល្អឥតខ្ចោះក្នុងការធ្វើម្ចាស់វេទិកាទេសចរណ៍អាស៊ាន ២០២២។

វេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលជាការជួបជុំដ៏ធំបំផុតក្នុងទ្វីបអាស៊ី ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ គឺពិតជាព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់ និងពេញចិត្តជាទីបំផុត រៀបចំនៅក្រុងព្រះសីហនុ ដែលជាគោលដៅទេសចរណ៍មានការអភិវឌ្ឍនាពេលថ្មីៗនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ទេសចរណ៍អាស៊ានបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបើកឡើងវិញ។

នាកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លោកនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានកោតសរសើរដល់ភាពជាប្រធានទេសចរណ៍អាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលបានសម្រេចនូវការងារដ៏ច្រើនក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារៀបចំស្ដារវិស័យទេសចរណ៍អាស៊ានផងដែរ។ លោកនាយកបានគាំទ្រពេញទំហឹងនូវការប្រកាសបើកទេសចរណ៍អាស៊ានចេញពីក្រុងព្រះសីហនុ។

សូមរំលឹកថា នៅដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្សព្វផ្សាយយុទ្ធនាការ (ស្ថិតនៅក្នុងផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក Stay Home Today, Travel Tomorrow) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល។ បច្ចុប្បន្ន ដោយយោងលើអត្រានៃការចាក់វ៉ាក់សាំង ប្រសិទ្ធភាពនៃការព្យាបាល ការទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ជាមួយកូវីដ-១៩ ព្រមទាំងសេចក្ដីត្រូវការបន្ទាន់ក្នុងការស្ដារវិស័យសេដ្ឋកិច្ច-សង្គម អង្គការទេសចរណ៍ពិភពលោកបានផ្សព្វផ្សាយឲ្យប្រទេសទាំងអស់ធ្វើការគិតគូរបើកទេសចរណ៍ឡើងវិញ (Restart Tourism) ប្រកបដោយសុវត្ថិភាព។

ក្រសួងទេសចរណ៍បានលើកឡើងថា, គួរជម្រាបថា ការកោតសរសើររបស់តំណាងអង្គការទេសចរណ៍ពិភពលោក ធ្វើឡើងស្របពេលជាមួយគ្នាផងដែរនូវរបាយការណ៍របស់គណៈកម្មការរៀបចំទិវាទេសចរណ៍អាស៊ាន ២០២២ ថា មុនពេលចាកចេញពីកម្ពុជា ប្រតិភូបរទេសទាំងអស់បានធ្វើតេស្ត PCR ហើយពុំមានរកឃើញករណីវិជ្ជមានណាមួយឡើយ រីឯប្រតិភូក៏បានសរសេរសារអរគុណ និងកោតសរសើរកម្ពុជាជាបន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖