ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។
ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូង ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះផលិតទឹកសុទ្ធ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈលេខទូរស័ព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខណ្ឌបានចេញធ្វើអន្តរាគមន៍ចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃន់ ខង ហៅ អាឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីចំណុចមុខឃ្លាំងលក់ទឹកសុទ្ធមួយកន្លែងគ្មានស្លាកយីហោ ស្ថិតនៅផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សដើម្បីធ្វើការសាកសួរបន្ត។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ឃើញថាមានភាពស៊ីចង្វាក់គ្នាដូចការចោទប្រកាន់ពិតប្រាកដមែន៕
ដោយ៖ចន្ទ លីហ្សា