ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា បាន និងកំពុងបន្តតាមស្រាវជ្រាវឃាត់ខ្លួនក្រុមស្ទាវចំនួន១១នាក់បន្ថែមទៀត ដែលកំពុងគេចខ្លួន និងមានរហ័សនាមក្រុម LCH (លឹម ឈាងហាក់) ក្រោយពីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួក២នាក់ជាសិស្សសាលារួចមក។
សមត្ថកិច្ចបានឲ្យដឹងថាក្រុមក្មេងស្ទាវទាំងនោះ បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម និងដាវកែច្នៃគប់ និងកាប់លើជនរងគ្រោះម្នាក់ ដែលជាក្រុម TL (ធូលន) បណ្តាលឱ្យចំមាត់ដាច់ដេរ១៨ថ្នេរ និងបែកទាំងក្បាលម៉ូតូ ហើយរងរបួសធ្ងន់ធ្ងរ)។ ជនបង្កចំនួន២នាក់ដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលរបស់លោក បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ពួកគេត្រូវបានឃាត់ខ្លួននៅចំណុចផ្សារហ្គ្រេនមុខផ្ទះលេខ១ង ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោង ២៣៖៤៥នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សិស្សដែលឃាត់ខ្លួនបានក្នុងករណីប្រើអំពើហិង្សានេះមានឈ្មោះ វ៉េង ហ៊ាន គីមហ៊ាង អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ កៅ វិច្ឆិកា អាយុ១៧ឆ្នាំ។
អ្នកទាំង២ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ដាលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាប់កង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖អរុណរះ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច