ខេត្តតាកែវ ៖ ដីព្រៃលិចទឹកនៅឃុំត្នោតស្រុកបាទីខេត្តតាកែវកំពុងប្រឈមនឹងហានិភ័យខ្ពស់ក៏ព្រោះតែប្រជាពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនបានបោះបង្គោលដើម្បីកំណត់ព្រំដីថាជាកម្មសិទ្ធិរបស់ខ្លួន។យ៉ាងណាក៏ដោយអភិបាលស្រុកនេះបានបញ្ជាឲ្យមេឃុំចាត់វិធានការក្តៅហើយ។
លោក ភួន ឈីម អភិបាលស្រុកបាទី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានប្រាប់ទៅលោកមេឃុំត្នោតឲ្យចាត់វិធានការដកបង្គោលថ្មដែលកំពុងត្រូវបានដាំវាទីយកដីលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធឯកជននោះហើយ។ យ៉ាងណាក៏ដោយលោកអភិបាលស្រុកមិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់ឱ្យមេឃុំអនុវត្តនោះឡើយ។
លោកអភិបាលស្រុកបាទីបានបញ្ជាក់បន្ថែមថា លោកបានបញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ចេញសេចក្តីជូនដំណឹងទៅពលរដ្ឋដែលអាស្រ័យផលលើដីលិចទឹករបស់រដ្ឋ ត្រូវដកបង្គោលថ្មដែលបានដាំវាទីយកដីរដ្ឋនោះចេញដោយខ្លួនឯងឲ្យបានឆាប់បំផុត ពុំនោះទេរដ្ឋបាលស្រុកបាទីនិងទៅដកយកបង្គោលថ្មដែលបានដាំនោះមកទុកនៅសាលាស្រុកទាំងអស់។ រឿងដាំបង្គោលវាទីយកដីលិចទឹករបស់រដ្ឋនៅចំណុចភូមិអញ្ចេក ឃុំត្នោត ស្រុកបាទីនេះ បើមានអ្នកមានលុយឬអ្នកធំណានៅពីក្រោយខ្នងក្នុងការគៀងគទិញពីប្រជាពលរដ្ឋនោះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។
សូមបញ្ជាក់ដែរថា ដីលិចទឹករបស់រដ្ឋនៅចំណុចខាងលើនេះ បើរដូវវស្សាគឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជម្លៀសទឹកជំនន់ជន់លិច ហើយរដូវប្រាំង គឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថាជាដីរដ្ឋ។ ទើបតែមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បាន ឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយករាប់សិបហិកតាដោយគ្មានមូលហេតុ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ៕
ដោយ៖ សូរិយា