ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារនៅ Burkina Faso និងប្រតិកម្មពីសហគម៍អន្តរជាតិ

ចែករំលែក៖

កម្លាំងទាហាន Burkina Faso កាលពីថ្ងៃទី២៤ខែមករា បានដកតំណែងប្រធានាធិបតី Roch Mac Kabore ហើយបានផ្អាកដំណើរការរដ្ឋធម្មនុញ្ញ រំលាយរដ្ឋសភា និងរដ្ឋាភិបាល រួមទាំងបានបិទព្រំដែនទាំងអស់។

ពិភពលោកបានប្រតិកម្មចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងតំបន់អាហ្វ្រិកខាងលិចនេះ ដោយបានអំពាវនាវដល់យោធាត្រូវតែដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល។
វិវាទនយោបាយបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសនេះ ដោយពលរដ្ឋជាច្រើនបាននាំគ្នាធ្វើមហាបាតុកម្មនៅក្នុងរដ្ឋធានី Ouagadougou នៃប្រទេស Burkina Faso ប្រឆាំងការដឹកនាំរបស់ប្រធានាធិបតី Marc Christian Kabore ។
ស្ថានភាពនយោបាយនៅតំបន់អាហ្វ្រិកខាងលិចកាន់តែអាក្រក់ទៅ ក្រោយពីមានការធ្វើរដ្ឋប្រហារជាច្រើនកើតឡើង ក្នុងនោះមានប្រទេសម៉ាលី និង Guinea ។ ការធ្វើរដ្ឋប្រហារជាផ្លូវការនៅក្នុងប្រទេស Burkina Faso ធ្វើឡើងនៅយប់ថ្ងៃទី២៤ខែមករា ក្រោយអគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ Paul-Henri Sandaogo Damiba បានចុះហត្ថលេខាផ្អាកដំណើរការស្ថាប័នទាំងអស់ ហើយការផ្អាកនោះត្រូវបានមន្ត្រីយោធាអានតាមកញ្ចក់ទូរទស្សន៍នៅយប់ថ្ងៃទី២៤ខែមករា។
ស្ថានភាពនៅក្នុងប្រទេស burkina Faso ពិតជាអសន្តិសុខនិងគួរឱ្យបារម្ភបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ និងផ្តល់សុវត្ថិភាពដល់ប្រធានាធិបតី និងរក្សាសន្តិសុខប្រទេសជាតិ ចៀសវាងហេតុការណ៍កាន់តែអាក្រក់ជាងនេះ។
សហគមន៍សេដ្ឋកិច្ចទ្វីបអាហ្វ្រិក (ECOWAS) និងសហគមន៍អាហ្វ្រិក (AU) ក៏បានលើកឡើងពីវិបត្តិនៅក្នុងប្រទេស Burkina Faso ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់កម្លាំងយោធាដែលបានធ្វើរដ្ឋប្រហារ ។
ជាមួយគ្នានេះដែរអាមេរិកក៏បានអំពាវនាវដល់កម្លាំងយោធា ដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល ក៏ដូចជាគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ៕ ដោយ៖សាធី

រូបថត៖AP


ចែករំលែក៖