ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសដែលប្រជាជនវៀតណាមត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរលោកង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និង វរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំស្ថានទូត, អនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឲ្យ ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។

ក្នុងកិច្ចឆ្លើយតប លោកង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណចំពោះមនោសញ្ជេតនារបស់គណៈប្រតិភូអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕

ដោយ៖ ស សម


ចែករំលែក៖