ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល ដែលដឹកនាំដោយលោក Pradeep Tharakan ជំនាញការ ADB ទទួល បន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការ ក្រសួង។
ជំនួបនេះផ្តោតការពិភាក្សាជាសំខាន់ទៅលើគោលនយោបាយជាតិសម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ ថាមពល ការសន្សំសំចៃលើការប្រើប្រាស់ថាមពល ជាពិសេសការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និង ខ្យល់ ដែលជាថាមពលករកើតឡើងវិញ និងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីដើម្បីកាត់ បន្ថយការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិយាកាសផែនដី។
ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីការចាប់ដំណើរការទីតាំងក្រសួង សាធារណការ និងដឹកជញ្ជូននៅទីតាំងថ្មីដែលបំពាក់ដោយផ្ទាំងសូឡាថាមពលពន្លឺព្រះអាទិត្យដើម្បីបរិស្ថានស្អាត និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ការបំពេញការងារ របស់មន្ត្រីរាជការ សិក្ខាសាលាទាក់ទងរថយន្តដើរដោយថាមពលអគ្គិសនីកាលពីចុងឆ្នាំ២០២១ ដែល រៀបចំឡើងដោយស្ថានទូតស្ថានទូតចក្រអង់គ្លេស ជំនួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF)ដើម្បីពិភាក្សាអំពីគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងជំនួបជាមួយសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ទាក់ទងនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត Evs ចំនួន១០ទីតាំង និងការអប់រំបណ្តុះបណ្តាលលើវិស័យនេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលក្នុងនោះមានចែងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស និងបានបន្ថែមទៀថា៖ ដើម្បីចូលរួមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធ ភាព ក្រសួងក៏ដូចជារាជរដ្ឋាភិបាលបានបំពាក់អំពូលភ្លើង LED នៅតាមផ្លូវ៣៧ខ្សែ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ថ្មីៗ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្លូវ៣៨ខ្សែ ដែលទើបបញ្ចប់ការ សាងសង់ ស្ថិតនៅក្នុងក្រុងសៀមរាប នៅខេត្តសៀមរាប ដើម្បីជាការចាប់ផ្ដើមនូវការសម្របខ្លួនជាបណ្តើរៗទៅនឹងគោលនយោបាយប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះផងដែរ ក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី បានជម្រាបជូនអំពីគម្រោងជ្រើសរើស អាគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជាគម្រោងសាកល្បងសម្រាប់ការប្រើប្រាស់ឧបករណ៍ ដែលជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយការចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិស្ថាន។
ក្រោយពីបានស្តាប់បទបង្ហាញស្តីអំពីកម្មវិធីអភិវឌ្ឍប្រសិទ្ធភាពវិស័យថាមពលដែលរៀបចំឡើងដោយ ជំនាញការ ADB លោកទេសរដ្ឋមន្ត្រី បានសម្តែងការគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីនេះ និងបានស្នើឱ្យអ្នកជំនាញការ ADB ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់បណ្តារាជធានី-ខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម កំពត កែប កោះកុង និងបណ្ដា រាជធានីខេត្តមួយចំនួនទៀត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល៕
ដោយ៖ស តារា