ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោកបានដឹកនាំថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀតនៅទីស្តីការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ផែនការខ្យល់ស្អាតកម្ពុជាជាអ្វី? ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន៖ ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ននិងនិន្នាកាក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់៕
ដោយ៖ស តារា