ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងឫស្សីកែវសម្រេចបាន៦៣ភាគរយហើយ គ្រោងបញ្ចប់មុនព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEAGAME ២០២៣

ចែករំលែក៖

       ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ស្របនឹងស្ពានបាឡេត៍ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី២៦ ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប្លិ៍ឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចលទ្ធផលបាន ៦៣. ៧%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនាឆ្នាំ២០២៣ខាងមុខនេះ។

   បើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមករានេះថា៖  ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេត៍ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃនៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី២៦ ខែមករាឆ្នាំ២០២២នេះគឺការ សាងសង់សម្រេចលទ្ធផលបាន៦៣.៧% ។ តាមផែនការ គម្រោងសាងសង់នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។

     គម្រោងស្ពាននេះមានរចនាប័ទ្មទំនើប

ដែលមានសសរធំចំនួន៤បង្គោល មានកម្ពស់រហូតដល់៤០ម៉ែត្រសម្រាប់ព្យួរខ្សែកាប្លិ៍ ។

   គម្រោងស្ពាននេះនឹងបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ ទៅនឹងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វា ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរណ៍ក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។

   សូមបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេត៍នៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាប្លិ៍ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ ។ សសរសម្រាប់ព្យួរ ខ្សែកាប្លិ៍មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ ,គន្លងធ្វើចរាចរណ៍២ខ្សែ ទៅ២ខ្សែមក២ខ្សែ, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពានអប្បបរមានៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរណ៍។ 

  ស្ពាននេះសាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយប្រើរយៈពេល២៨​ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥​លាន​ដុល្លារ​អាមេរិក​។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយស្ពានបាឡេត៍ដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃនេះ៕

ដោយ ៖ សំរិត


ចែករំលែក៖