ភ្នំពេញ ៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការលើកិច្ចការបរិស្ថាន និងការអភិវឌ្ឍ ដោយចីរភាព បាននិងកំពុងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ គោល នយោបាយ ផែនការយុទ្ធសាស្ត្រ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ ដៃគូ អភិវឌ្ឍន៍និងអ្នកជំនាញពាក់ព័ន្ធ ដោយផ្ដោតលើការចូលរួមពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ការរៀបចំសង្គមកម្ពុជាសម្របទៅនឹងនិន្នាការសកល និង ការធានាបាននូវការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព ភាពបៃតង បរិយាប័ន្ន និងតុល្យភាពរវាងអាទិភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌»នេះជាការលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួប តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយលោក Stefan Dercon ទីប្រឹក្សាគោលនយោបាយ នៃរដ្ឋមន្រ្តី ការបរទេស កំមិនវេល និងអភិវឌ្ឍន៍ នៃ ចក្រភពអង់គ្លេស កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោ បាយពេញលេញ ក្រោយការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ព្រមទាំងមាគ៌ាដឹកនាំនយោបាយដ៏ត្រឹមត្រូវ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់ បានអនុញ្ញាតឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ ប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ មុនវិវត្តិជម្ងឺកូវីដ-១៩ និងបានបង្កលក្ខណៈឱ្យមានការកើនឡើងខ្លាំងនូវភាគរយនៃប្រជាពលរដ្ឋមានជីវភាព កម្រិតកណ្តាលនិងមាន ការអប់រំខ្ពស់ ដែលមានតម្រូវការនិងសេចក្តីប៉ងប្រាថ្នាចង់បានគុណភាពជីវិតកាន់តែប្រសើរ និងមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើគុណភាពបរិស្ថាន។ ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផល និងនិន្នាការសង្គមទាំងនេះ កម្ពុជា បាននិងកំពុងពង្រឹងតួនាទីជាម្ចាស់ និងឯករាជ្យភាព ក្នុងការកំណត់គោលនយោបាយ និងអាទិភាពអភិវឌ្ឍន៍ជាតិ ដោយសម្លឹងឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ហើយកម្ពុជាសង្ឃឹមថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា នឹងអាចក្លាយទៅជាគំរូមួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។ ជាការឆ្លើយតប លោក Stefan Dercon បានកោតសរសើចំពោះ កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញនូវគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ភាពស៊ី សង្វាក់ និងសង្គតិភាព និងរក្សាបាននូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់នេះ។ ចក្រភពអង់គ្លេស ត្រៀមខ្លួន ជា ស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូពិតប្រាកដជាមួយកម្ពុជា ជាពិសេសលើគោលនយោបាយវិស័យបរិស្ថាន៕
ដោយ ៖ សិលា