ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ជួបសម្តែងការគួរសម លោកស្រី ភីត្រា ស៊ីគមឹន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ជួបសម្តែងការគួរសម លោកស្រី ភីត្រា ស៊ីគមឹន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់។ នៅព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, នៅរសៀលនេះ ខ្ញុំបានទទួលការចូលជួបសម្តែងការគួរសមពី លោកស្រី ភីត្រា ស៊ីគមឹន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។ 

លោកឧបនាយករដ្ឋមន្ត្រី បន្តថា, កម្ពុជា និងអាល្លឺម៉ង់ ទើបតែបានសម្រេចសេចក្តីប្រកាសរួមស្តីពីការពិគ្រោះយោបល់ទ្វេភាគី ដែលនឹងផ្តល់យន្តការសន្ទនាសម្រាប់ប្រទេសទាំងពីរ សំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពដែលអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនរបស់យើង។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបន្តថា, អាល្លឺម៉ង់គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាសូមកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ អាស៊ានបន្តវាយតម្លៃខ្ពស់ដល់ទំនាក់ទំនង និងការចូលរួមចំណែករបស់អាល្លឺម៉ង់ចំពោះតំបន់នេះ៕

ដោយ ៖ សិលា


ចែករំលែក៖