(តពីលេខ)….
*សម្លៀកបំពាក់ក្នុងពិធីផ្សេងៗ ឬក្នុងពិធីណាមួយនៃរាជរដ្ឋាភិបាល
ក្នុងព្រះរាជពិធីការដីក្តី ក្នុងពិធីនៃរាជរដ្ឋាភិបាលក្តី លោកអ្នកមានបណ្ដាស័ក្តិត្រូវតែងខ្លួនតាមឋានន្តរស័ក្តិរបស់ខ្លួននិងតាមសេចក្តីអញ្ជើញ ឬតាមសេចក្តីបង្គាប់ដែលមានក្នុងកម្មវិធីសម្ដែងត្រង់សម្លៀកបំពាក់។
ឧបមាដូចជា ឡើងគាល់ព្រះរាជជាម្ចាស់ជីវិតលើត្បូងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងឱកាសព្រះរាជពិធីទ្វាទសមាសណាមួយហើយមានបង្គាប់ពីក្រុមរាជមន្ទីរក្តី ក្រុមព្រះរាជាយុត្តកៈក្តី ថាឱ្យពាក់គ្រឿងឥស្សរិយយសព្យួរ ហើយអស់លោកត្រឡប់ជាទៅពាក់រុយបង់ទទេ(Barrette)ទៅវិញ នេះហៅថាចូលក្នុងបទល្មើសមួយ។
ដូច្នេះសំលៀកបំពាក់ត្រូវប្រយ័ត្នកុំឲ្យចុះឱ្យសោះបើយើងបដិបត្តិតាមសេចកីបង្គាប់ឬសេចកីអញ្ជើញពុំបានទេនោះគប្បីតែសុំទោសកុំទៅល្អជាងដើម្បីជៀសវាងសេចកីរិះគន់ឬសេចកីបន្ទោសអំពីនាយចៅហ្វាយ។
ព្រះរាជពិធីក្នុងព្រះបរមរាជវាំងក្រុមព្រះរាជមន្ទីរមានអំណាចឃាត់លោកអ្នកស្លៀកពាក់ខុសពីកម្មវិធីមិនឲ្យឡើងគាល់ព្រះមហាក្សត្របានឡើយ។
មិនតែក្នុងព្រះរាជពិធីទេ សូម្បីតែពិធីណាមួយដែលរដ្ឋាភិបាលធ្វើហើយបានជូនដំណឹងថាសម្លៀកបំពាក់បែបនេះបែបនោះលោកអ្នកបានទទួលសេចក្តីអញ្ជើញ ក៏ត្រូវបដិបត្តិតាមជាដរាបដែរ។
ចំណែកសាមីជនដែលគ្មានឋានន្តរសក្កិត្រូវស្លៀកពាក់តាមធម្មតា គឺឲ្យចុះបែបផែនសម័យនិយម។
បើតែងជាខ្មែរគឺសំពត់អាវកត្រង់ ស្បែកជើងស្រោមជើង។
បើតែងជាបារាំងគឺថាខោវែងអាវបើកកចងក្រវាត់ ស្បែកជើងស្រោមជើង។
កុំភ្លេចថា ស្បែកជើងសង្រែកមិនត្រូវពាក់ក្នុងឱកាសធ្វើពិធីជប់លៀងឬកិច្ចការអ្វីមួយជាដាច់ខាត។
សម្រាប់ស្ត្រីគឺសំពត់ចងក្បិនឬខៀនជាបែបផែនរបស់ខ្មែរពីដើមមកដែលគេតែងរាប់អានក្នុងពេលប្រជុំធំ។ ដល់មានបែបបរទេសចូលមកទៀត ក៏ប្រែក្លាយដោយនិយមទៅ។ ខ្លះស្លៀកហូលសម្លុយ ពាក់អាវទំនើបថ្មី ខ្លះស្លៀកពណ៌ផ្សេងៗ ពាក់អាវទំនើបថ្មីពាក់ស្បែកជើងក៏ទំនើបដែរ។តែងខ្លួនបែបនេះក៏សមរម្យទៅដែរតែពេលប្រជុំធំដូចបានពោលហើយខាងលើនេះ ដែលបណ្ដាអស់លោកប្រុសៗ ស្លៀកសំពត់ពណ៌ ស្ត្រីគប្បីប្រើពណ៌ដែរ តែកុំស្លៀកសំពត់សម្លុយខ្មៅ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត