ការតែតបាល់បញ្ចូលទីក្នុងតង់ទី២របស់កីឡាករ Felix Torres បានធ្វើឱ្យអេក្វាឌ័រតាមស្មើជាមួយប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup ដែលឃើញក្រុមទាំងពីរមានការបណ្តេញចេញកីឡាករម្នាក់១។ ប្រេស៊ីលដែលបានកក់កៅអីទៅវគ្គជម្រុះនៅកាតារួចហើយបាននាំមុខមុនតាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ខ្សែបម្រើ Casemiro នៅនាទីទី៦។
អ្នកចាំទី Alexander Dominguez របស់អេក្វាឌ័រត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទីទី១៥ បន្ទាប់ពីបង្កកំហុស ហើយកីឡាករ Emerson Royal របស់ប្រេស៊ីលត្រូវបានបណ្តេញចេញនៅនាទីទី២០ដែរ។ ក្រុមម្ចាស់ផ្ទះអេក្វាឌ័រមានឱកាសរកបានគ្រាប់បាល់ដែរ ប៉ុន្តែត្រូវបានលុបចោលវិញហើយការតែតបាល់ចុងម៉ោងរបស់កីឡាករ Torres បានសង្គ្រោះក្រុមអេក្វាឌ័រទទួលបានមួយពិន្ទុ។
អេក្វាឌ័រជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសចំនួន១០នៃការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូង ដែលក្រុមកំពូលទាំង៤មានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដោយស្វ័យប្រវត្តិ។ប្រេស៊ីលបានឆ្លងផុតវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះនៅប្រទេសកាតា រួមជាមួយអាហ្សង់ទីនរួចទៅហើយ។
ចំណែកការប្រកួត២គូទៀតក្នុងវគ្គជម្រុះតំបន់អាមេរិកខាងត្បូងដែរនៅព្រឹកថ្ងៃទី២៨ ខែមករានេះគឺក្រុមអ៊ុយរ៉ាហ្គាយបានយកឈ្នះក្រុមម្ចាស់ផ្ទះប៉ារ៉ាហ្គាយ ក្នុងលទ្ធផល១ទល់០។ រីឯក្រុមភ្ញៀវអាហ្សង់ទីនបានយកឈ្នះក្រុមម្ចាស់ផ្ទះឈីលីក្នុងលទ្ធផល២ទល់១។
១គ្រាប់របស់ក្រុមជម្រើសជាតិអ៊ុយរ៉ាយហ្គាយរកបានដោយកីឡាករSuarez នៅនាទីទី៥០ក្នុងតង់ទី២ ហើយនៅម៉ោងបន្ថែមនាទីទី៩០+៥ កីឡាករ Gomez របស់ក្រុមប៉ារ៉ាហ្គាយត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញ បន្ទាប់ពីបង្កកំហុសទៅលើកីឡាករអ៊ុយរ៉ាហ្គាយ។
ក្រុមជម្រើសជាតិអាហ្សង់ទីនវិញបានយកឈ្នះក្រុមម្ចាស់ផ្ទះឈីលី ដោយលទ្ធផល២ទល់១ ដែល២គ្រាប់របស់ក្រុមអាហ្សង់ទីនរកបានដោយកីឡាករ Di Maria នៅតង់ទី១ នាទីទី៩ និងគ្រាប់ទី២រកបានដោយកីឡាករ Lautaro Martínez នៅនាទីទី៣៤។ ចំណែកក្រុមម្ចាស់ផ្ទះឈីលីរកបានដោយកីឡាករ Brereton នៅនាទីទី២០។
លទ្ធផលខាងលើនេះធ្វើឲ្យក្រុមប្រេស៊ីលបន្តឈរលេខ១, អាហ្សង់ទីនឈរលេខ២, អេក្វាឌ័រឈរលេខ៣ និងអ៊ុយរ៉ាហ្គាយឈរលេខ៤ ក្នុងតារាងវគ្គជម្រុះ World Cup តំបន់អាមេរិកខាងត្បូង ខណៈដែលកៅអីនៅប្រទេសតំបន់នេះគឺមាន៤កៅអីដែលមានសិទ្ធិលេងនៅ World Cup នៅកាតា ដោយយកតែក្រុមដែលមានចំណាត់ថ្នាក់កំពូលទាំង៤ប៉ុណ្ណោះ ៕
ដោយ៖ ភារៈ(រូបភាព៖BBCSport/Soccerway.com)