ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាក្នុងទិសដៅស្របគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវជាតិលេខ២ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងរវាងម៉ូតូនឹងម៉ូតូក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ដែលបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-7324បើកមកពីទិសខាងត្បូងទៅទិសខាងជើង
បើកបរដោយឈ្មោះច្រឹក វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ (ប្ដី) មុខរបរកម្មករ មានទីលំនៅភូមិក្រាំងអំពិល ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល និងអ្នករួមដំណើរជាមួយឈ្មោះសែម វណ្ណា ភេទស្រី អាយុ៣៧ឆ្នាំ( ប្រពន្ធ)មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំជាមួយគ្នាបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំណែកភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FQ-7289 បើកមកពីទិសខាងជើងដោយឈ្មោះខុន សុធាវី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិចេក ឃុំដូង ស្រុកបាទីខេត្តតាកែវបណ្ដាលឱ្យរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងបង្កសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សម