ខេត្តរតនគិរី៖ បុរស២នាក់បាននាំគ្នាទៅឆក់ត្រីក្នុងអូរ តែភ្លាត់ស្នៀតបែរជាឆក់ខ្លួនឯងបណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់កំពុងសម្រាកព្យាបាលនៅឡើយ។
ហេតុការណ៍ឆក់ត្រីបែរជាឆក់ខ្លួនឯងនោះបានកើតឡើងកាលពីវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នៅចំណុចអូរកាចូន ស្ថិតក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃខេត្តរតនគិរី។
នគរបាលស្រុកវើនសៃបានឱ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ ស៊ីន ប៊ុនយី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទំពួនមុខរបរទាហាននៅអង្គភាពវរៈ៨៤ឈរជើងនៅអូរតាង៉ាវស្ថិតក្នុងខេត្តស្ទឹងត្រែងបានស្លាប់ក្រោយពេលបញ្ជូនដល់មណ្ឌលសុខភាពកាចូន។ ជនរងគ្រោះទី២-ឈ្មោះ ទិន គី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រងរបួសធ្ងន់កំពុងសង្រ្គោះនៅមណ្ឌលសុខភាពកាចូន អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកាចូន លោកគ្រូពេទ្យមណ្ឌលសុខភាពកាចូននិងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសពដែលមានសភាពរឹងទៅហើយ ដោយនៅតាមដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។
យោងតាមការពិនិត្យសាកសពជនរងគ្រោះគ្រូពេទ្យបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារក្បាលដុំឆក់ត្រីឆ្លងចរន្តភ្លើងបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត