កាលពីថ្ងៃទី២៧ខែមករា អាមេរិកបានអំពាវនាវដល់់ចិនឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសបញ្ចប់វិវាទក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ទីក្រុងប៉េកាំងអាចនឹងគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុងបញ្ហាទាំងនោះ។
រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដោយនៅក្នុងជំនួបនោះរដ្ឋមន្ត្រីការរទេសចិនបាន អំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ បញ្ចៀសភាពតានតឹងខ្លាំងជាងនេះ ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានបញ្ជាក់ផងដែរថា ចាំបាច់ត្រូវតែកាត់បន្ថយភាពតានតឹង ដោយលោកព្រមានពីវិបត្តិសន្តិសុខនិងសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland បានបញ្ជាក់ថា «យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងមូស្គូ ដើម្បីជំរុញកិច្ចពិភាក្សាការបរទេសបញ្ចប់ការប្រឈមមុខតានតឹងនៅអ៊ុយក្រែន ក៏ជារឿងដ៏ល្អសម្រាប់ចិនផងដែរ។ ប្រសិនបើមានសង្គ្រាមកើតឡើងនឹងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងវិស័យថាមពលផងដែរ»។
ជាមួយគ្នានេះដែរ ចិនបានលើកឡើងថា ចាំបាច់ត្រូវតែមាន«កិច្ចព្រមព្រៀងឈប់បាញ់អូឡាំពិក» ក្នុងពេលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២២។ នេះជាឱកាសដើម្បីជំរុញសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងតម្លៃរួមរបស់មនុស្សជាតិ ជួយដល់ពិភពលោកកាន់តែស្រស់បំព្រង៕ ដោយ៖សាធី
រូបថត៖Reuters.