ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ ដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព ២០០គីឡូក្រាម​ និងមានសាធាតុគីមីហាមឃាត់ប្រមាណ ១០៩.៩៥គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ​-សៀមរាប៖​ គោលបំណងគឺដើម្បីធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ជាពិសេសមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវទំនិញមានអនុលោមភាពសម្រាប់បរិភោគ ក៏ដូចជាប្រើប្រាស់​ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២​ មន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខាខេត្តសៀមរាប និងចូលរួមសហការពីមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ។ 

ជាក់ស្ដែង​យោងតាមលទ្ធ មន្រ្តីជំនាញបានរកឃើញទំនិញមិនមានអនុលោមភាពចំនួន ២០៣.១៨គីឡូក្រាម និងដកហូតមករក្សាទុកដើម្បីបន្តនីតិវិធី។ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យពីមន្រ្តីជំនាញផងដែរ។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារ​ បន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។

យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញតែម្តង៕

ដោយ​៖សហការី​


ចែករំលែក៖