ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើ ឱ្យទូតអារ៉ាប៊ីសាអ៊ូឌីតជួយអំពាវនាវអ្នកវិនិយោគទុន មកបណ្ដាក់ទុនរកស៊ីឱ្យបានច្រើន នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសូមឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ ជួយអំពាវនាវ ទៅដល់ អ្នកវិនិយោគទុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អោយមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើន ខណៈដែលរាជធានីភ្នំពេញបានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩មានភាពធូរស្រាល ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺនេះបានល្អប្រសើរ។

    ការស្នើឡើងបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២២ ក្នុងជំនួបសំដែងការគួរសម រវាងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ នៅសាលារាជធានីភ្នំពេញ។

      លោកឃួង ស្រេង  បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញមានកម្មករ កម្មការិនីបម្រើការងារប្រមាណ៦០ម៉ឺននាក់ ។ រាជធានីភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលបានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ ដោយសារ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អ រហូតទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងបានបើកសេដ្ឋកិច្ច ប្រទេស ឡើងវិញ ផងដែរ។ 

     ទន្ទឹមនឹងនេះ លោកស្នើសូមឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ ជួយអំពាវនាវ ទៅអ្នកវិនិយោគទុន ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើនដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត មានទាំង លូ ប្រឡាយ ទឹកជាដើម ។ រាជធានីភ្នំពេញនិងទទួលយកអ្នកវិនិយោគទុនទាំងអស់ពីអារ៉ាប៊ីសាអូឌីត ។

      លោកឃួង ស្រេង ក៏បានថ្លែងនូវ ការអរគុណផងដែរចំពោះបំណងល្អរបស់អារ៉ាប៊ីសាអ៊ូឌីតលើ ការកម្ចីឥណទាន ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា តាមរយៈការសម្របសម្រួលពីលោកឧកញ៉ាអូស្មាន់ហាស្សាន់។

      លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ពិតជាមានភាពស្រស់បំព្រង ។យើងបានជំរុញឲ្យមាន វិស័យទេសចរណ៍នៃទាំងពីរកម្ពុជា -អារ៉ាប៊ីសាអ៊ូឌីត មានភាពល្អប្រសើរ ដោយប្រជាពលអារ៉ាប៊ីសាអ៊ូឌីត បានមកទេសចរណ៍នៅកម្ពុជា ច្រើន ហើយពលរដ្ឋកម្ពុជាក៏បានទៅទេសចរ នៅប្រទេសអារ៉ាប៊ីសាអូឌីត ច្រើនផងដែរ ។

    លោកមានបំណងចង់ចងសម្ព័ន្ធភាព ឲ្យកាន់តែល្អប្រសើរជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត មានបំណងមក ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ប៉ុន្តែត្រូវបានលើកពេលទៅវិញ ហើយគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងអំឡុងខែ មីនា ឆ្នាំ ២០២២ខាងមុខ។

    លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម បានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយក៏ជាប្រទេសមួយទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អប្រសើរផងដែរ។ 

  លោកបន្ដថា ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាសមាជិកG២០ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែលជាប្រទេស អ្នកមាន ដែលធ្វើអោយអារ៉ាប៊ីសាអ៊ូឌីត មានជំនួយជាច្រើនលើវិស័យមនុស្សធម៌ ទៅលើប្រទេស មួយចំនួនលើពិភពលោក ។ សម្រាប់កម្ពុជា អារ៉ាប៊ីសាអ៊ូឌីតបានជួយផ្ដល់អាហាររូបករណ៌និស្សិតកម្ពុជាចំនួន ៨៥កន្លែង ទាំងបរិញ្ញាបត្រនិងបណ្ឌិតផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖