ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ចេញលទ្ធផលកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង ។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម ទូរស័ព្ទជាមួយ លោក ហ្សង់-អ៊ីវ ឡឺ ទ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋ បារាំង ។ ព្រះរាជាណាចក្រកម្ពុជា កាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ខណៈពេល សាធារណរដ្ឋបារាំង កាន់តំណែងជាប្រធានសហភាពអឺរ៉ុបសម្រាប់ឆមាសទីមួយក្នុងឆ្នាំនេះ។

ក្នុងខណៈដែលកម្ពុជាជាប្រធានអាស៊ាន និងបារាំងជាប្រធានសហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសទាំង ពីរបានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងលើបញ្ហាប្រឈម សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពតានតឹងក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងវិបត្តិនៅប្រទេស មីយ៉ាន់ម៉ា។

ចំពោះទំនាក់ទំនងទ្វេភាគី លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងកក់ក្តចំពោះ លោក ហ្សង់-អ៊ីវ ឡឺ ឌីយ៉ង់ ដែលបានផ្ញើសារលិខិតដ៏មានអត្ថន័យក្នុងឱកាសខួបទី៣០ នៃពិធី រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅ រាជធានីភ្នំពេញ និងចំពោះការរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើវិស័យជាច្រើន ដូចជាការអប់រំ សុខភាព វប្បធម៌ ការការពារជាតិ យុត្តិធម៌ កសិកម្ម ទេសចរណ៍ អគ្គិសនី ការប្រែប្រួល អាកាសធាតុ ជាដើម។ ប្រទេសបារាំងជាស្ថាបត្យករដ៏សំខាន់មួយរូប និងជាសហប្រធាននៃសន្និសីទ ទីក្រុងប៉ារីសស្តីពីកម្ពុជា ហើយបារាំងគឺជាអ្នករួមចំណែកដ៏សំខាន់មួយផងដែរ ក្នុងការស្ដារសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក ហ្សង់-អ៊ីវ ឡឺ ឌីយ៉ង់ អំពីលទ្ធផលនៃជំន ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឡើងនៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុច ដែលប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានឯកភាពគ្នានៅទីក្រុងហ្សាការតា កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវខ្លឹមសារនៃកិច្ច សន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេស មីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា បំណងតែមួយគត់របស់កម្ពុជា គឺជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលទៅរក ប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា សម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិរវាងគ្រប់ ភាគីពាក់ព័ន្ធ ហើយរិះរកវិធីផ្ដល់ជំនួយមនុស្សធម៌រួមទាំងវ៉ាក់សាំងផងដែរ ដល់ពលរដ្ឋទាំងអស់ ដែលកំពុងត្រូវការចាំបាច់ ដោយពុំមានការរើសអើង។

លោក ហ្សង់-អ៊ីវ ឡឺ ឌីយ៉ង់ បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា មជ្ឈភាពអាស៊ាន តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាននៅក្នុងនិមាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ លោក បានបញ្ជាក់ពីការគាំទ្រចំពោះ កុងសង់ស៊ីសទាំង៥ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកត់ សម្គាល់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេស មីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនាពេលថ្មីៗនេះនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ បារាំងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។

លោក ហ្សង់-អ៊ីវ ឡឺ ឌីយ៉ង់ ក៏បានលើកឡើងអំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាទិភាព របស់បារាំងនៅក្នុងតំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ប្រទេសបារាំងក្នុងនាមជាប្រធានសហភាព អឺរ៉ុប នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង២៧ នៃសហភាព អឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសជាច្រើនរូបមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងត្រូវបាន អញ្ជើញចូលរួម។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការអញ្ជើញឡើងថ្លែងសុន្ទរកថា បើកក្នុងវេទិការខាងលើ ក្នុងនាមជាប្រធានអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានសន្យាថា ឯកឧត្តមរីករាយនឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏ សំខាន់នេះនៅទីក្រុងប៉ារីសប្រទេសបារាំង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖