ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ស្រាវជ្រាវ​ឃាត់​ខ្លួន​ចោរឆក់កាបូបម្នាក់​ បណ្ដាល​ឱ្យ​ស្រ្តី​ម្នាក់​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ករណី​ជន​សង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​ដួល​រងរបួស​ធ្ងន់​ធ្ងរ​រហូត​​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​ និង​៣០នាទី​រសៀល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។​ 

ភ្លាម​ៗ​ក្រោម​ការ​ដឹក​នាំ​ពី​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កងកម្លាំង​ចំណុះ​ឱ្យ​​អធិការ​ខណ្ឌ​ចុះ​ស្រាវជ្រាវ​តាម​មុខ​សញ្ញា​។ រហូតមកដល់យប់​ថ្ងៃទី​​២៨​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០១៖៤០នាទី​ រំលង​អធ្រាត្រ​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ជុំ​ សុខ​បញ្ញា​ ភេទប្រុសអាយុ​១៨ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។ 

ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ អ៊ុក​ កន្និកា​ ភេទ​ស្រី​អាយុ​ ៤០​ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។ 

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​សាក​សួរ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ដោយ​៖ស​ តារា​


ចែករំលែក៖