ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា អ្វីឡើយ គឺមានសិទ្ធិគោរពសាសនារៀងៗខ្លួន !

ចែករំលែក៖

ភ្នំពេញ ៖ តាមពិតកម្ពុជា ! ក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ សាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋ ប៉ុន្តែផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងជំនឿសាសនារៀងរៀងខ្លួន ដោយមិនប្រកាន់សាសនាអ្វីឡើយ គឺមានសិទ្ធិគោរពសាសនាដែលខ្លួន គោរព ស្រលាញ់ ពេញចិត្ត មានជំនឿ ប្រណិប័តន៍រៀងៗខ្លួន ។ 

សូមបញ្ជាក់ថា, ពិធីបុណ្យសែនចូលឆ្នាំប្រពៃណីជនជាតិ ចិន- វៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។ អ្វីដែលចម្លែកនិងមានជំនឿ តៗគ្នា ឆ្នាំនេះហាក់ដូចជាប្លែកខុសពីសព្វមួយដង ខណៈកន្លងទៅរៀងរាល់ពិធីសែនចូលឆ្នាំចិន-វៀតណាម ភាគច្រើនប្រជាពលរដ្ឋខ្មែរ ជនជាតិចិន ជនជាតិវៀតណាម និយាយរួមខ្មែរដែលជាប់ខ្សែស្រឡាយចិន តែងតែយកសម្លៀកបំពាក់ពណ៌ក្រហម ឬពណ៌លឿង សម្រាប់ការស្លៀកពាក់នៅថ្ងៃសែនប្រពៃណីចិន- វៀតណាម។ ចម្លែកអីតែឆ្នាំនេះ បែរជាភ្ញាក់ផ្អើល និងនិយាយតបតគ្នាដោយគ្មានមូលដ្ឋាន ថាឆ្នាំនេះពិធីសែនបុណ្យចូលឆ្នាំចិន-វៀតណាម ត្រូវស្លៀកពាក់ពណ៌ខៀវ ក្នុងនោះសូម្បីតែការសែនជ្រូកខ្វៃក៏ មានពណ៌ខៀវ ។ ចំណុចនេះសួរថាតើជ្រូកមានពណ៌ខៀវដែរឬទេ! ដូច្នេះដើម្បីបំពេញកាតព្វកិច្ចនៃការសែនបើជ្រូកមានពណ៌ខៀវមានន័យថាត្រូវតែយកជ្រូកខ្វៃពណ៌ខៀវដើម្បីបង្គ្រប់កិច្ចការសែន នោះមែនឬមួយយ៉ាងណា? ។

សូមរំលឹកផងដែរថា, តើមានបងប្អូនប្រជាពលរដ្ឋដែលមានទំនៀមទម្លាប់សែនចូលឆ្នាំចិន-វៀតណាម បានរៀបចំរួចហើយឬនៅក្នុងជំនឿដែលថា, ត្រូវតែសែនជ្រូកខ្វៃពណ៌ខៀវ ហើយបើជ្រូកគ្មានពណ៌ខៀវត្រូវតែបាញ់ថ្នាំពណ៍ខៀវនោះ? 

ពាក់ព័ន្ធក្នុងករណីនេះ ព្រះតេជគុណ គូ សុភាព ព្រះអង្គមានសង្ឃដីកាលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា, “ពុលគំនិតនិងពុលអាហារ ” ។

ព្រះអង្គមានសង្ឃដីកាលើកឡើងថា, ពុលអាហារងាយព្យាបាលជាង ពេទ្យអាចជួយបាន តែពុលគំនិត ពេទ្យជួយមិនបានទេ។ (ពេទ្យប្រាប់ថា ថ្នាំបាញ់ពណ៌ខៀវជាជាតិពុល មិនអាចប្រើលើអាហារបានទេ) សេរីភាពជំនឿ តែគួរជឿប្រកបដោយហេតុផល។

សូមបញ្ជាក់ថា, សិទ្ធិជឿលើជំនឿសាសនា គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ប៉ុន្តែការជឿនោះគួរតែមានហេតុ មានផល ជៀសវាងការបាញ់ថ្នាំទៅលើជ្រូកខ្វៃបណ្ដាលអោយមានជាតិពុលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាន ។ នេះមិនគិតដល់ការពុលទៅលើរាសីអំណាចឬទ្ធីបរមីណ៍របស់ កុងម៉ាផង ! ៕ 

ដោយ ៖ សិលា


ចែករំលែក៖