ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃសៅរ៍ទី២៩ ខែមករា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញកងរាអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
របាយការណ៍ដដែល បានបន្តថា ជនសង្ស័យទាំង២មានឈ្មោះ ៖
ទី១. ឈ្មោះ ភាន់ ភោគ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ និងទី២. ឈ្មោះ បាន ពេជ្រ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ក្រោមវិធានការជំនាញជនសង្ស័យទាំងពីរនាក់បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពួកគេពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក icon នៅក្នុងកោះពេជ្រ ពិតប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូបានសម្រេច ដោយម៉ូតូដែល បានលួចនោះបញ្ឆេះមិនឆេះ ពួកខ្លួនបាននាំគ្នាជិះម៉ូតូ១គ្រឿងទៀតម៉ាកឌ្រីមសង់សេ១២៥ រុញ និងធាក់ពីក្រោយ រហូតមកដល់គល់ស្ពានហង្សកោះពេជ្រ ក៏ត្រូវបានសន្តិសុខកោះពេជ្រឃាត់សួរនាំ ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ដែលល្បាតនៅជិតទីតាំងនោះបានធ្វើការឃាត់ខ្លួន ពួកខ្លួនយកមកមូលដ្ឋានខណ្ឌតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពបន្តថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចជាសម្ភារៈផ្សេងៗ ច្រើនលើកមកហើយ ដូចជាទូរស័ព្ទដៃ កាបូប និងសម្ភារៈផ្សេងៗទៀត ក្នុងខណៈពេលដែលម្ចាស់ម៉ូតូកង់បី ឬម្ចាស់រថយន្ដចតតាមទីសាធារណៈ ហើយគេងលក់ និងពេលមានមនុស្សកំពុងអង្គុយភ្លេចខ្លួននៅតាមសួនច្បារសាធារណៈ ជាដើម។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា