ភ្នំពេញ៖ បុរសជានិស្សិតឆ្នាំទី២ម្នាក់ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាលិចបាត់រកសពមិនឃើញ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ាវ សុដាលី អាយុ២៦ឆ្នាំ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យបៀលប្រាយ បច្ចុប្បន្ននៅម្តុំផ្សារតូច ក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីម្នាក់ដែលជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HO-8587 ជិះចេញពីចំណុចរង្វង់មូលកួចកាណុងឡើងទៅលើស្ពានជ្រោយចង្វា ខណៈមកដល់ចំណុចកើតហេតុបានទុកម៉ូតូចោល រួចលោតទម្លាក់ខ្លួនចុះទៅក្នុងទឹកទន្លេបាត់ ហើយភ្លាមៗនោះដែរ នារីដែលឃើញហេតុការណ៍នោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានយកម៉ូតូជនរងគ្រោះទៅរក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលម៉ូតូយកទៅផ្ទះវិញ៕
ដោយ៖ជ្រោយពេជ្រ